(ព្រៃវែង)៖ ប្រជាជនរស់នៅឃុំព្រៃដើមថ្នឹងជាង៤០០នាក់ បានចូលរួមពិធីដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ក្រោមការដឹកនាំពីលោក ជាម ប៉េអា អនុប្រធានទី១ ចុះជួយស្រុកស៊ីធរកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨។
មុនពេលចេញដង្ហែក្បូនយុទ្ធនាការឃោសនាថ្ងៃដំបូង នៅព្រឹកមិញនេះ លោក ជាម ប៉េអា ក្នុងនាមជាបេក្ខជនតំណាងរាស្ដ្របម្រុងលេខរៀងទី១ នៅមណ្ឌលព្រៃវែង បានដឹកនាំប្រជាជនទាំងអស់ចូលរួមស្តាប់សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបានផ្ញើសារនយោបាយ និងប្រកាសពីគោលនយោបាយរបស់បក្សជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ពីឆ្នាំ២០១៨ ដល់២០២៣។
ក្រោយពីស្តាប់សេចក្តីថ្លែងការណ៍សម្តេចតេជោ ហ៊ុន សែន តាមរយៈការផ្សាយផ្ទាល់ពីរាជធានីភ្នំពេញ នៅក្នុងទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្រុកស៊ីធរកណ្តាលរួច លោក ជាម ប៉េអា បានដឹកនាំការដង្ហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង ដោយមានប្រជាជន សមាជិក សមាជិកាគណបក្សប្រើប្រាស់ ត្រីចក្រយានយន្ត និងយានយន្តផ្ទាល់ខ្លួនចូលរួមប្រមាណ២១២គ្រឿងយ៉ាងកុះករ ក្នុងឃុំព្រៃដើមថ្នឹង។
លោក ជាម ប៉េអា បានថ្លែងថា «ការបោះឆ្នោតជូនគណបក្សកម្ពុជា គឺជាការបោះឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍, ការបោះឆ្នោតជូនគណបក្សកម្ពុជា គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាជនជាអ្នកឈ្នះ»។
លោកបានបន្ថែមថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង១១ខ មានគោលបំណង និងចក្ខុវិស័យការលើកគុណភាពជីវិតរបស់ប្រជាជន ប្រកបទៅដោយសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕