(ភ្នំពេញ)៖ ដូចការគ្រោងទុក សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៨ នៅទីក្រុងអ៊ូឡាន់បាតា ប្រទេសម៉ុងហ្គោលី លើកទី៨ បានប្រព្រឹត្តទៅ​ពីថ្ងៃទ០៣ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ រៀបចំឡើងដោយ រដ្ឋាភិបាលម៉ុងហ្គោលី និងអង្គការ UNISDR ក្នុងគោលបំណង បង្ហាញសមិទ្ធផលសំខាន់ៗ ដែលអនុវត្តន៍បានក្នុង រយៈពេល៣ឆ្នាំ បន្ទាប់ពីការអនុម័តក្របខណ្ឌការងារ សេនដាយ ២០១៥-២០១៨។

សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៨ នៅប្រទេសម៉ុងហ្គោលី លើកទី៨នេះ ផ្តល់ឱកាសឲ្យប្រទេសជាសមាជិក អង្គការសហប្រជាជាតិ ធ្វើរបាយការណ៍ ស្តីពីវឌ្ឍនភាព នៃការអនុវត្តការងារធៀបទៅនឹងសូចនាកររបស់សេនដាយ ផ្តល់ឱកាសឲ្យប្រទេសជាសមាជិក អង្គការសហប្រជាជាតិ បង្កើនល្បឿនការងារ ឬធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ផ្តល់ឱកាសឲ្យប្រទេសម៉ុងហ្គោលី ដឹកនាំសកម្មភាពការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងផ្តល់ឱកាសឲ្យប្រទេសជាសមាជិក ប្តេជ្ញាចិត្តលើការងារកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយកម្រិតតំបន់អាស៊ី។

សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយត្រូវបានរៀបចំជាលើកដំបូង កាលពីឆ្នាំ២០០៥ នៅទីក្រុងប៉េកាំង ប្រទេសចិន និងបានបន្តធ្វើប្រចាំឆ្នាំជាបន្តបន្ទាប់នៅតាម ប្រទេសនានានៅអាស៊ី មុននឹងឈានជើងមកដល់ប្រទេសម៉ុងហ្គោលី ក្នុងឆ្នាំ២០១៨នេះ។

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលបានដឹកនាំប្រតិភូចូលរួមសន្និសីទ ថ្នាក់រដ្ឋមន្ត្រីអាស៊ីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៨ នៅទីក្រុងអ៊ូឡាន់បាតា ប្រទេសម៉ុងហ្គោ​លី លើកទី៨នេះថា សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ីសម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ឆ្នាំ២០១៨ នៅទីក្រុងអ៊ូឡាន់បាតា ប្រទេសម៉ុងហ្គោលីលើកទី៨ បានបញ្ចប់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ប្រកបដោយលទ្ធផលជាផ្លៃផ្កា។ សន្និសីទប្រចាំឆ្នាំនេះ គ្រោងនឹងរៀបចំកិច្ចប្រជុំរបស់ខ្លួន លើកទី៩ នៅឆ្នាំ២០២០ខាងមុខនេះ នៅប្រទេសអូស្ត្រាលី។

ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា និងប្រតិភូបានធ្វើមាតុភូមិប្រកបដោយសុវត្ថិភាពនៅវេលាម៉ោង១០៖៤០នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការទទួលស្វាគមន៍ដោយមន្ត្រីដាក់នាំ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាច្រើនរូប៕