(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំក្បួនហែគណៈចលនាសាសនិកឥស្លាម ក្នុងយុទ្ធនាការឃោសនាថ្ងៃដំបូង ឆ្លងកាត់តាមបណ្តាខណ្ឌមួយចំនួន ជាពិសេសនៅតាមតំបន់ដែលមានសាសនិឥស្លាមរស់នៅ ដូចជាសង្កាត់ច្រាំងចំរេះ១ ច្រាំងចំរេះ២ សង្កាត់ឫស្សីកែវ សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក សង្កាត់ព្រែកប្រា និង សង្កាត់ដើមមៀន។
ការបន្ដដឹកនាំក្បូនឃោសនានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបានដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីគម្រប់ខួប៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
យុទ្ធនាការខាងលើនេះ ក៏មានការចូលរួមពីលោក ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ លោកស្រី អាន ផល្លា សមាជិកគណៈកម្មការគណបក្សខណ្ឌ លោក វ៉ាន់ សាលី អនុប្រធានប្រចាំការគណបក្សខណ្ឌ លោក ប្រាជ្ញ សីហា សមាជិកអចិន្ត្រៃគណបក្សខណ្ឌ លោក ស៊ូ សោគន្ធ សមាជិកអចិន្ត្រៃគណបក្សខណ្ឌ លោកស្រី សួស សូលីដា សមាជិកអចិន្ត្រៃគណបក្សខណ្ឌ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកា ប្រមាណ៣,៥០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ នៅទូទាំងសង្កាត់ទាំង៧ នៃខណ្ឌឬស្សីកែវ។
ក្បួនឃោសរបស់គណៈចលនាសាសនិកឥស្លាមនៅពេលនេះ ដឹកនាំដោយរថយន្ត ២០គ្រឿង ម៉ូតូ២៣៦គ្រឿង ដែលមានសមាជិកជាង៥០០នាក់។
ថ្លែងទៅកាន់សហគមន៍ខ្មែរឥស្លាម លោក អូស្មាន ហាស្សាន់ បានផ្តាំផ្ញើឲ្យអ្នកគ្រប់គ្នា សូមទៅបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរលំដាប់លេខរៀងទី២០ ដើម្បីរក្សាសន្តិភាព សេរីភាព និងការអភិវឌ្ឍគ្រប់វិស័យ។
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕