(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ Prosumeller CO.,LTD. បានធ្វើការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា (MoU) ស្ដីពី​កិច្ចសហប្រតិបត្តិការ​ ពាណិជ្ជកម្មអន្ដរជាតិ ជាមួយក្រុមហ៊ុន SEED.COMMERCE.CO.,LTD. ដែលជាក្រុមហ៊ុន កំពុងប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម សេវាកម្ម អចលទ្រព្យ និង​វិនិយោគ របស់ប្រទេសកម្ពុជា ដើម្បីបម្រើសេវាកម្ម ​ទូទាត់ហិរញ្ញវត្ថុ និង​ការបណ្ដាក់ទុន ​ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដែលមានគោលដៅពង្រីកប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុតាមបែបទំនើប (System)។

ពិធីចុះ MoU នេះបានប្រព្រឹត្តឡើង នាល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីសំណាក់ លោក Park Jun Young ត្រូវជាប្រធាន និង CEO នៃក្រុមហ៊ុន Prosumeller CO.,LTD. ​មកពីសាធារណៈរដ្ឋកូរ៉េ និង​លោក Patrick Chan Tee ជាអនុប្រធានក្រុមហ៊ុន SEED COMMERE.CO,LTD. ជាតំណាងឲ្យក្រុមហ៊ុនប្រទេសកម្ពុជា និង​ដៃគូពាណិជ្ជកម្ម មកពី​ក្រុមហ៊ុនតូច-ធំនានា ជាច្រើននាក់ បានចូលរួមធ្វើជាភ្ញៀវកិត្តិយស។

​លោក Park Jun Young ជាប្រធាន និង CEO នៃក្រុមហ៊ុន Prosumeller CO.,LTD. បានថ្លែងថា «ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុបែបទំនើបនេះ (System) គឺជាលើកទីមួយហើយ ដែលក្រុមហ៊ុនលោក មានវត្តមានក្នុងប្រទេសកម្ពុជា។ មូលហេតុដែលខាងភាគីកូរ៉េ ជ្រើសរើសកម្ពុជា បង្កើត System នេះ មានគោលបំណងធំៗចំនួន៣ គឺទី១ជំរុញការអភិវឌ្ឍន៍ ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា, ទី២ចែកចាយឧបករណ៍ ប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ និងទី៣ ​ចែករំលែក ប្រព័ន្ធព័ត៌មានទូទៅ»

លោកបន្ថែមថា «ដោយមានការទំនាក់ទំនងល្អជាមួយក្រុមហ៊ុនខ្មែរ ទើបយើងនាំចូលនូវបច្ចេកវិទ្យាដ៏ទំនើប មកកាន់ប្រទេសកម្ពុជា។ ទោះបីជាកូរ៉េធ្លាប់ជួបរឿងឈឺចាប់ ធ្លាប់មានសង្រ្គាម ប៉ុន្តែសាធារណៈរដ្ឋកូរ៉េ បានក្រោកឈរ ខិតខំប្រឹងប្រែង អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា ឲ្យមានភាពរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ ទើបធ្វើឲ្យប្រទេសកូរ៉េមានភាពជោគជ័យ ក្លាយជាប្រទេស ដែលឈានមុខគេ ផ្នែកបច្ចេកវិទ្យា»

ប្រធាន និង CEO នៃក្រុមហ៊ុន Prosumeller រូបនេះ បានបន្តថា «ដោយឡែក សម្រាប់ប្រទេសកម្ពុជា សព្វថ្ងៃនេះ មិនថាវិស័យសំណង់អាគារ និង វិស័យផ្សេងៗ ជាច្រើនទៀត កំពុងមានការរីកលូតលាស់ជាបណ្ដើរៗ។ ដូច្នេះលោករំពឹងថា ការនាំយកបច្ចេកវិទ្យា ផ្នែកបម្រើសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ជាលើកទី១នេះ នឹងទទួលបានជោគជ័យ ជាមិនខាន នាពេលខាងមុខ»

​ចំណែក​ខាងភាគីខ្មែរ តំណាងក្រុមហ៊ុន SEED.COMMERCE ​បានបន្ថែមទៀតថា «ជាទូទៅវិស័យ រោងចក្រ ឧស្សាហកម្ម ធនាគារ ក្នុងប្រទេសកម្ពុជា តែងតែយកប្រព័ន្ធបច្ចេកវិទ្យា ទៅប្រើប្រាស់ ដើម្បីគ្រប់គ្រងទិន្នន័យ​ទាំងអស់ ទៅបម្រើសេវាកម្មអតិថិជន ឲ្យមានភាពរហ័សទាន់ចិត្ត។ ដោយមើលពីភាពល្បីល្បាញ ទើបគេសម្រេចចាប់ដៃ បង្កើតប្រព័ន្ធនេះ ជាលើកដំបូងនៅប្រទេសកម្ពុជា។ បើតាមការបង្ហើបពីក្រុមហ៊ុន ការចំណាយចំពោះដើមទុន គឺមិនក្រោម១០លានដុល្លារនោះទេ។ ក្នុងនោះ យើងក៏បានសហការ ជាមួយធនាគារជាតិ ដើម្បីបង្ហាញទៅកាន់មនុស្សជុំវិញពិភពលោក និងក្នុងប្រទេសកម្ពុជា ឲ្យបានយល់កាន់តែច្បាស់ ពីប្រព័ន្ធមួយនេះ។ អ្វីដែលសំខាន់​ (System) មួយនេះ នៅមានកម្រិតនៅឡើយ ខណៈដែលប្រទេសជិតខាងបានប្រើប្រាស់នូវប្រព័ន្ធ System នេះ ដើម្បីកាត់បន្ថយចំនួនបុគ្គលិក នៅក្នុងក្រុមហ៊ុន​រួចទៅហើយ»

តំណាងក្រុមហ៊ុន SEED.COMMERCE បានបន្ថែមទៀតថា «យើងពិតជាមានមោទនភាព ដែលមានក្រុមហ៊ុននៅក្រៅប្រទេស មកសហការនាំយកគម្រោងថ្មីបែបទំនើប ជាមួយក្រុមហ៊ុនកម្ពុជា។ ម្យ៉ាងវិញទៀត ដោយសារតែគេមើលឃើញពីសមត្ថភាព និង​សក្ដានុពល នៃក្រុមហ៊ុននៅកម្ពុជា ធ្លាប់មានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនដទៃ នៅក្នុងស្រុកផងនោះ ទើប​ជ្រើសរើសក្រុមហ៊ុនយើង បង្កើតជា System មួយនេះឡើង»

យ៉ាងណាមិញតំណាងក្រុមហ៊ុននៅកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ ខណៈកម្ពុជាកំពុងមានភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ចស្រាប់រួចទៅហើយ។ ភាគីកម្ពុជា នឹងបង្ហាញយុទ្ធសាស្រ្តប្លែកៗជាច្រើន និងជាជំហានៗ ដើម្បីបញ្ជ្រៀបចូលទីផ្សារ ក៏ដូចជាពន្យល់ពីការគ្រប់គ្រងហិរញ្ញាវត្ដុ ឲ្យមានប្រសិទ្ធភាពដូចប្រទេសដទៃ ជុំវិញពិភពលោក ខណៈប្រព័ន្ធហិរញ្ញវត្ថុប្រទេសជិតខាង បានប្រើប្រាស់នូវប្រព័ន្ធ System មានប្រមាណជា ២០០ប្រទេស រួចទៅហើយ៕