(ភ្នំពេញ)៖ ក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតដំបូង នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចំពោះប្រជាពលរដ្ឋម្ចាស់ឆ្នោតថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត ដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោនឹងអនុវត្តការកាត់បន្ថយថ្លៃប្រើប្រាសអគ្គិសនី នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ជូនប្រជាពលរដ្ឋឱ្យខាងតែឱ្យបាន។
មុននឹងចេញដំណើរដង្ហែក្បូនឃោសនាបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីគោលនយោបាយជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អនុវត្តន៍បន្តនៅអាណត្តិទី៦ ក្នុងនោះសម្តេចក៏បានលើកឡើង ពីគោលនយោបាយបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីផងដែរ។
សម្ដេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងពង្រីការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិឱ្យដល់គ្រប់ភូមិទាំងអស់ នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងបន្តបញ្ចុះថ្លៃអគ្គិសនី។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមប្ដេជ្ញាចំពោះជនរួមជាតិទូទាំងប្រទេសថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដោយខ្ញុំព្រះករុណាខ្ញុំជានាយករដ្ឋមន្ត្រី នឹងអនុវត្តន៍ការកាត់បន្ថយថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅទូទាំងប្រទេស សម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ តាមគោលដៅដូចខាងក្រោមនេះ»។
ទី១៖ សម្រាប់ពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់អគ្គិសនីខ្នាតធំគ្រប់ប្រភេទ ដែលទិញអគ្គិសនីពីអនុស្ថានីយ៍តាមទ្វារចរន្តតង់ស្យុងខ្ពស់ ឬទិញតាមទ្វារចរន្តតង់ស្យុងមធ្យម នៃអនុស្ថានីយ៍ក្នុងរាជធានីភ្នំពេញ ឬទិញតាមទ្វារចរន្តតង់ស្យុងមធ្យម ពីអនុស្ថានីយ៍តាមបណ្ដាខេត្តនានា ដែលថ្លៃតង់ស្យុងខ្ពស់មានតម្លៃ ៥០៣រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង និងនៅឆ្នាំ២០១៩ នឹងបញ្ចុះទៅ ៤៧៤រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ៤៧៤រៀល។
ចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ៍ក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមានតម្លៃ ៥៩៨រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង នឹងចុះទៅ ៥៤៧រៀល នៅឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ នឹងចុះ៥៣៩រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ចេញតាមទ្វារចរន្តតង់ស្យុងតាមអនុស្ថានីយ៍តាមបណ្ដាខេត្ត ដែលបច្ចុប្បន្នតម្លៃ ៥១១រៀល នឹងចុះទៅ ៤៩៥រៀល នៅឆ្នាំ២០១៩ និងបន្តរក្សា ៤៩៥រៀលដដែល នៅឆ្នាំ២០២០។
ទី២៖ សម្រាប់អ្នកប្រើប្រាស់តាមឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងតាមខ្សែរចន្តតង់ស្យុងមធ្យមតាមបណ្ដាញចែកចាយ ដែលនៅរាជធានីភ្នំពេញតម្លៃ ៦៧៦រៀល និងនៅតាមបណ្ដាខេត្ត ៦៧២រៀល នៅឆ្នាំ២០១៩ នឹងធ្លាក់មកនៅ ៥៩៦រៀល នៅនៅឆ្នាំ២០២០ នឹងធ្លាក់មកនៅត្រឹម ៥៩២រៀល។
ទី៣៖ សម្រាប់អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងតាមខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយនៅរាជធានីភ្នំពេញ តម្លៃបច្ចុប្បន្ន ៦៧៦រៀល នៅតាមបណ្ដាខេត្តតម្លៃ ៦៧២រៀល នៅឆ្នាំ២០១៩ នឹងចុះមកនៅ ៦៤៥រៀល និងនៅឆ្នាំ២០២០ នឹងចុះមកនៅ ៦៤០រៀល។
ទី៤៖ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅលំនៅដ្ឋាន ប្រសិនបើប្រើអស់ពី ១-១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ នៅរាជធានីភ្នំពេញមានតម្លៃ ៦១០រៀល នៅតាមបណ្ដាខេត្ត ៤៨០រៀល នៅឆ្នាំ២០១៩ នឹងចុះមកនៅ ៣៨០រៀល និងរក្សាថ្លៃដដែលនៅឆ្នាំ២០២០។
សម្រាប់លំនៅដ្ឋានប្រើប្រាស់ពី ១១-៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ នៅទូទាំងប្រទេស ៦១០រៀល នឹងបញ្ចុះមកដល់ ៤៨០រៀល នៅឆ្នាំ២០១៩ និងរក្សាថ្លៃដដែលនៅឆ្នាំ២០២០។
សម្រាប់លំនៅដ្ឋានដែលប្រើអស់ពី ៥១-២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ បច្ចុប្បន្ននៅភ្នំពេញតម្លៃ ៧២០រៀល និងនៅតាមខេត្តតម្លៃ ៧៧០រៀល នៅឆ្នាំ២០១៩ នឹងចុះមកនៅ ៦១០រៀល និងរក្សានៅដដែល នៅឆ្នាំ២០២០។
សម្រាប់លំនៅដ្ឋានដែលប្រើលើសពី ២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ នៅរាជធានីភ្នំពេញមានតម្លៃ ៧៥០រៀល នៅតាមបណ្ដាខេត្តមានតម្លៃ ៧៧០រៀល នៅឆ្នាំ២០១៩ នឹងចុះមកនៅ ៧៤០រៀល នៅឆ្នាំ២០២០ នឹងចុះមកនៅ ៧៣០រៀល។
ទី៥៖ សម្រាប់ការទិញអគ្គិសនីយកទៅប្រើប្រាស់ក្នុងការបូមទឹកធ្វើកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក តម្លៃបច្ចុប្បន្ន ៤៨០រៀល នឹងរក្សានៅដដែល នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០។
ទី៦៖ សម្រាប់ការប្រើប្រាស់អគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលបច្ចុប្បន្ននេះកំពុងអនុវត្តនូវថ្លៃ ៧៧០រៀល នឹងធ្លាក់មកនៅ ៦១០រៀល នៅឆ្នាំ២០១៩ និងរក្សានៅដដែល នៅឆ្នាំ២០២០។
សម្ដេចតេជោបានបញ្ជាក់ ទាំងនេះជាតម្លៃអគ្គិសនីជាក់ស្ដែងដែលនឹងអនុវត្តនៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងគិតគូរបន្ថែមទៀតលើការបញ្ចុះថ្លៃអគ្គិសនីបន្តបន្ទាប់ទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន។
សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងដែរថា ដើម្បីអនុវត្តបាននូវគោលនយោបាយបញ្ចុះតម្លៃអគ្គិសនីខាងលើ រដ្ឋត្រូវលះបង់ចំណូលពន្ធ ៤០លានដុល្លារ ក្នុងមួយឆ្នាំ ដែលទាំងនេះជាវិធានការសម្រួលដល់ជីវភាពប្រជាជន និងជួយលើកកម្ពស់ភាពប្រកួតប្រជែង ក្នុងការទាក់ទាញវិនិយោគនៅក្នុងប្រទេសបានទៀតផង៕