(ភ្នំពេញ)៖ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅមជ្ឈមណ្ឌលពិព័រណ៍ និងកោះពេជ្រ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្រកាសអំពីគោលដៅធំៗ ជាយុទ្ធសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ដឹកនាំប្រទេសរយៈពេល៥ឆ្នាំបន្តទៀត ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
នៅចំពោះមុខសមាជិកជាង៦ម៉ឺននាក់ ហើយដោយមានការចែកចាយបន្តតាមបណ្តាញព័ត៌មាន បណ្តាញសង្គម នៅតាមមូលដ្ឋានដែរនោះ សម្តេចតេជោ ហ៊ុន សែន បានបានសន្យា និងប្តេជ្ញាថា នឹងអនុវត្តតាមគោលនយោបាយ ដែលដាក់ចេញនាពេលនេះ ឱ្យបានសម្រេច បើសិនជាគណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិតី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិ លើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
១៖ គោរព និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផល របស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាក់ផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕