(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យ ក្នុងស្នើចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅឆ្នាំ២០១៧រួចមក ក្រុមការងារអន្តរក្រសួង បាននិងកំពុងចុះសិក្សាស្រាវជ្រាវ នៅប្រាសាទកោះកេរ្តិ៍ (រាជធានីឆោកគគ៌្យរ) និងប្រាសាទបន្ទាយឆ្មារ ដើម្បីរៀបចំស្នើសុំចុះបញ្ជីប្រាសាទទាំងពីរនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តទៀត។
នេះជាការបញ្ជាក់របស់លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក ក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងវប្បធម៌ នៅក្នុងសប្តាហ៍នេះ។
លោក ផាន់ ណាឌី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងចុះទៅសិក្សារកលក្ខណៈពិសេសល្អឯកដាច់គេ នៅប្រាសាទកោះកេរ្តិ៍ និងប្រាសាទបន្ទាយឆ្មារ ដើម្បីបំពេញតាមលក្ខខណ្ឌ របស់អង្គការយូណេស្កូ ក្នុងការដាក់ប្រាសាទបុរាណខ្មែរទាំងពីរនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោក ផាន់ ណាឌី ថ្លែងយ៉ាងដូច្នេះថា «យើងកំពុងតែធ្វើការចាប់ផ្ដើមចេញដំណើរហើយ ទីមួយ គឺប្រាសាទកោះកេរ្តិ៍ នៅខេត្តព្រះវិហារ និងទីពីរ ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដែលយើងបានចាប់ផ្ដើមហើយ»។
លោករដ្ឋលេខាធិការ ជុច ភឿន បានឱ្យដឹងដែរថា បន្ទាប់ពីប្រាសាទបុរាណទាំងពីរខាងលើនេះ កម្ពុជាក៏នឹងកំណត់យកប្រាសាទព្រះខ័ន្តកំពង់ស្វាយ នៅខេត្តព្រះវិហារ ក្រុមប្រាសាទអង្គរបុរី នៅខេត្តតាកែវ និងព្រះបរមរាជវាំងចាស់សម័យឧដុង្គ នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំស្នើសុំចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្តបន្ទាប់ទៀត នៅអង្គការយូណេស្កូ។
គួររំឭកថា អង្គការយូណេស្កូ បានសម្រេចចុះបញ្ជីប្រាសាទបុរាណខ្មែរចំនួន៣ហើយ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះរួមមាន៖ ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ចុះបញ្ជីនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ ចុះនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ចុះនៅឆ្នាំ២០១៧។
សូមជម្រាបថា ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៧២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ២១១ ហើយបើធ្វើដំណើរពីទីរួមខេត្តព្រះវិហារ មានចម្ងាយ ៤៩គីឡូម៉ែត្រ។ ប្រាសាទកោះកេរ្តិ៍ មានឈ្មោះដើមថា «ឆោកគគ៌្យរ» ជារាជធានីកណ្ដាលរបស់ព្រះបាទជ័យវរ្ម័នទី៤ ត្រូវបានកសាងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីយសោធរបុរៈ (តំបន់អង្គរ) ទៅកាន់តំបន់កោះកេរ្តិ៍នេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្ក ពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅយសោធរបុរៈ។ ប្រាសាទកោះកេរ្តិ៍ កសាងតាមរចនាប័ទ្មកោះកេរ្តិ៍ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត។
ចំណែកប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ។ ប្រាសាទបន្ទាយឆ្មារ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម រាជកុមារ និងមេទ័ពខ្មែរចំនួន ៤នាក់ទៀត ដែលបានពលីជីវិតក្នុងសមរភូមិសង្គ្រាមជាមួយកងទ័ពចាម្ប៉ាឈ្លានពាន កាលពីចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៣។ ប្រាសាទបន្ទាយឆ្មារ សាងសង់តាមរចនាប័ទ្មបាយ័ន ដែលកំពូលប្រាសាទមានរូបព្រហ្មមុខបួន៕