(ម៉ូស្គូ)៖ ក្រុមតោកំណាចអង់គ្លេស បានប្រកួតចាញ់ស៊ុយអែត ដោយលទ្ធផល ២-៤ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅឆ្នាំ២០១២ មុនពេលប៉ះគ្នាជាថ្មីនាម៉ោង ៩យប់ថ្ងៃសៅរ៍ ទី០៧ ខែកក្កដានៅព្រឹត្តិការណ៍ FIFA World Cup 2018 ក្នុងវគ្គ ៨ក្រុមចុងក្រោយដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ការបរាជ័យដោយលទ្ធផល ២-៤ សម្រាប់អង់គ្លេស គឺជាការចាញ់លើកទី៧ ក្នុងចំណោមប្រវត្តិជួបគ្នា ២៥ដង និងអង់គ្លេសឈ្នះ៨ដង និងស្មើគ្នា ១០ដងទាំងក្នុងព្រឹត្តិការណ៍ World Cup, UEFA Euro និងក្នុងមិត្តភាពអន្តរជាតិផ្សេងៗទៀត។
គួរកត់សម្គាល់ផងដែរថា ជួបគ្នានៅ World Cup ៤ដងរវាងក្រុមនៅអឺរ៉ុបដូចគ្នា អង់គ្លេស និងស៊ុយអែត ក្នុងលទ្ធផល ១-១, ២-២ និងស្មើគ្នា ០-០ ចំនួន ២ដង តែអង់គ្លេស ធ្លាប់ឈ្នះជើងឯក World Cup បានម្តងក្នុងឆ្នាំ១៩៦៦ ក្នុងទឹកដី របស់ខ្លួន ស្របពេលគូប្រជែងរាត្រីនេះ ស៊ុយអែត មិនធ្លាប់ឈ្នះ និងរងជើងឯកពានលំដាប់ពិភពលោកនេះទេ។
អង់គ្លេស បានទមា្លក់ក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តីដោយលទ្ធផល ៤-៣ ក្រោយប្រកួតពេញ៩០នាទី និងថែម ១៥នាទី ២ដងស្មើគ្នា ១-១ ហើយក៏ជាក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៃពូល G ដោយលេង៣ប្រកួតក្នុងពូល ឈ្នះ២ និងចាញ់១ ជាមួយនឹងស៊ុយអែត បានទម្លាក់ស្វីស ១-០ នៃវគ្គ១៦ក្រុម ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ចេញពីពូល F ដោយលេង៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ និងចាញ់១ដូចគ្នា៕