(កំពង់ចាម)៖ ថ្លែងទៅកាន់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង ២,៥០០នាក់ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរខេត្តកំពង់ចាម បានរំលឹកពីសាវតារបស់គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ បង្កើតឡើងដើម្បីតស៊ូទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងក្រោយមកបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ហើយនាំមកវិញនូវពន្លឺសន្តិភាពសាជាថ្មី សម្រាប់ប្រទេសកម្ពុជា។
ការរំលឹករបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពពិធីអបអរខួបលើកទី៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលរៀបចំឡើងកាលពីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកយកស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្ររយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ដែលបានពុះពារហែលឆ្លងគ្រប់ឧបសគ្គ ដើម្បីដឹកនាំស្តារ និងកសាងប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានវឌ្ឍនភាពគ្រប់វិស័យ និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ បច្ចុប្បន្នគណបក្ស បានកំពុងបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅលើមាគ៌ាមួយដ៏ល្អត្រចះត្រចង់។
«គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ ហើយជាឬសគល់ និងជាកំពែងដ៏រឹងមាំ សម្រាប់ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ហើយគណបក្ស ប្តេជ្ញាការពារមិនឲ្យរបបរាជានិយម ត្រូវបានផ្តួលរំលំដូចឆ្នាំ ១៩៧០ទៀតឡើយ!» លោកប្រធាន បានគូសបញ្ជាក់។
លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលបានចូលរួមពិធីដ៏នក្ខត្តឫក្សថ្ងៃនេះ ដើម្បីបង្ហាញឲ្យឃើញពីកម្លាំងសាមគ្គីដ៏រឹងមាំ និងភក្តីភាពដ៏ស្មោះស្ម័គ្ររបស់សមាជិក ក្នុងការតបស្នងគុណូបការៈដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា។
លើសពីនេះ លោកប្រធានបានអំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជកម្ពុជា ដើម្បីទទួលបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍភាព និងវិបុលភាពកាន់តែខ្លាំងក្លាថែមទៀត។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តិទៅរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្ស ២០ ចូលរួមប្រកួតប្រជែង។ យោងតាមច្បាប់ស្ដីពីការឃោសនាបោះឆ្នោត រាជធានី និងខេត្តទាំងអស់ មិនអាចមានការហែក្បួនឆ្លងគ្នាឡើយ ហើយក្នុងមួយរាជធានី/ខេត្ត គណបក្សនយោបាយមួយ អាចដង្ហែក្បួនឃោសនាបានត្រឹមតែ ៤ដងប៉ុណ្ណោះ៕