(ភ្នំពេញ)៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ៦ បានចាប់ផ្តើមហើយនៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០១៨នេះ។ គណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបានបើកយុទ្ធនាការយ៉ាងអធិកអធមដោយមានអ្នកចូលរួមប្រមាណជាង ៥ ម៉ឺននាក់ដែលធ្វើឲ្យកោះពេជ្រប្រែក្លាយជាទីលាននៃកងទ័ពទេវតាជួបជុំគ្នាយ៉ាងគគ្រឹកគគ្រេង។ នៅចំពោះមុខអ្នកគាំទ្រទាំងអស់ មេបក្សទេវតាបានថ្លែងសារដែលផ្តល់ភាពកក់ ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។

ដូចមានរូបសញ្ញាទេវតាបានបញ្ជាក់ប្រាប់ បក្សទេវតាតំណាងឲ្យសភាវៈល្អ ~ ជាអ្នកសង្គ្រោះ កសាង និងការពារ។ ជាក់ស្តែងបន្ទាប់ពីរំដោះប្រទេសចេញពីរបបវាលពិឃាតអាវខ្មៅ ដោយសង្គ្រោះជីវិតខ្មែររាប់លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់គណបក្សទេវតាបានកសាងប្រទេសដ៏កំសត់នេះ ចាកចេញពីគំនរផេះផង់ឲ្យក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ យ៉ាងលឿនសម្បើមមិនគួរឲ្យជឿដូចជាបច្ចុប្បន្ន។ ទម្រាំបានដូចសព្វថ្ងៃ គណបក្សទេវតាបានយកជីវិតធ្វើដើមទុន និងបានប្រើប្រាស់ដៃម្ខាងអភិវឌ្ឍន៍ប្រទេស និងដៃម្ខាងទៀតការពារការវិលត្រឡប់របស់ពួកខ្មែរក្រហម។ មកដល់ដំណាក់កាលថ្មីនេះ បក្សទេវតានៅមានបេសកកម្មដ៏ធំមួយទៀតនៅចំពោះមុខ នោះគឺ ការការពារប្រទេស និងប្រជាជានខ្មែរចេញពីការបំផ្លិចបំផ្លាញពីពួកសភាវៈអាក្រក់ដែលបាននិងកំពុងប៉ុនប៉ងអូសទាញប្រទេសនេះឲ្យធ្លាក់ក្នុងភាពវឹកវរ បង្ហូរឈាម ជាថ្មីតាមរយៈការប្រើប្រាស់ចលនា បដិវត្តន៍ពណ៌។ ដោយមើលឃើញពីគុណធម៌ដ៏ថ្លៃថ្លានេះ មានគណបក្សមួយដែលតំណាងឲ្យសភាវៈអាក្រក់បានលួចយកគុណធម៌ របស់គណបក្សប្រជាជនកម្ពុជា ទៅប្រើដើម្បីបន្លំភ្នែកប្រជាពលរដ្ឋ។ ប៉ុន្តែ ទោះជាយ៉ាងណា ពួកគេមិនអាចបិទបាំងសភាវៈអាក្រក់របស់ខ្លួនបានឡើយ ហើយពួកគេក៏ត្រូវបានទេវតាបរាមុខរហូត រលាយបាត់ពីផែនដីនេះទៅហើយ។

ក្នុងនាមជាបក្សដែលប្រកាន់ខ្ជាប់នូវគុណធម៌ជាអ្នកសង្គ្រោះ, កសាង និងការពារ មេបក្សទេវតាបានថ្លែងសារដ៏មានអត្ថន័យដោយផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋរបស់ខ្លួន។ ទោះជាប្រទេសបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សមិនគួរឲ្យជឿបែបនេះហើយក៏ដោយ ក៏មេបក្សទេវតា គឺលោកនាយករដ្ធមន្ត្រី ហ៊ុន សែន នៅតែមិនស្កប់ចិត្តឡើយ។ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីអាណត្តិថ្មី មេបក្សទេវតាបានសន្យាជាឧឡារឹកប្រឆាំងទប់ទល់ឲ្យទាល់តែបាននូវការប៉ុនប៉ងនាំបដិវត្តន៍ពណ៌មកកម្ពុជាពីសំណាក់ពួកសភាវៈអាក្រក់ និងមានបរទេសមួយចំនួននៅពីក្រោយខ្នង។ មេបក្សទេវតា ក៏បានសន្យាដោយមោះមុតថានឹងរក្សាការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋខ្មែរ នឹងទទួលបាននូវផលប្រយោជន៍ជាច្រើនទៀតពីរាជរដ្ឋាភិបាលដឹកនាំដោយបក្សទេវតា ជាពិសេស កម្មករ កម្មការិនី ជនចាស់ជរា ប្រជាកសិករ រួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ម៉ាត់ណាក៏និយាយពីសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍន៍, ម៉ាត់ណាក៏និយាយពីការលើកស្ទួយជីវភាពប្រជាជន, ម៉ាត់ណាក៏និយាយពីការបង្រួបបង្រួមជាតិ គឺជាសារជាតិរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលយករូបទេវតាមកធ្វើជានិមិត្តសញ្ញា។ ខុសពីបក្សសភាវៈអាក្រក់មួយនោះដែលទោះជាបានរលាយបាត់រូបរាងទៅហើយក្តី ក៏សណ្តានអាក្រក់នៅតែមិនទាន់រលាយបាត់នៅឡើយទេ។ ព្រលឹងវិលវុលក្នុងពិភពសភាវៈអាក្រក់នៅតែបន្លឺសំឡេងខ្វើយៗពីពិភពងងឹតដោយបន្តអុជអាល ញុះញង់ ប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង។ ពួកគេម៉ាត់ណាក៏និយាយពីគំនុំសងសឹក, ម៉ាត់ណាក៏ញុះញង់បំបែកបំបាក់, ម៉ាត់ណាក៏បញ្ឆេះកំហឹងខ្មែរឲ្យស្អប់ខ្ពើមគ្នា, ម៉ាត់ណាក៏ញុះញង់ឲ្យបរទេសផ្តាច់ជំនួយពីប្រទេសខ្លួនឯង, ម៉ាត់ណាក៏បំផុសឲ្យមានភាពវឹកវរក្នុងសង្គម។ នេះជាសណ្តានរបស់ក្រុមដែលលង់នឹងសភាវៈអាក្រក់ងើបមុខមិនរួច។ ស្ថានភាពនេះហើយដែលបង្ហាញថា កម្ពុជារឹតតែត្រូវការគណបក្សប្រជាជនកម្ពុជាជាចាំបាច់។

ប្រជាពលរដ្ឋខ្មែរពិតជាសប្បាយរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំងចំពោះបក្សទេវតា ជាពិសេសបន្ទាប់ពីបានស្តាប់សុន្ទរកថា ដ៏សែនកក់ក្តៅរបស់មេបក្ស និងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះ។ ឆ្លើយតបនឹងភាពកក់ក្តៅដែលបក្សទេវតាបានផ្តល់ឲ្យ ប្រជាពលរដ្ឋខ្មែរក៏សូមផ្តល់ជូននូវភាពកក់ក្តៅជូនបក្សទេវតាវិញតាមរយៈការនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សដែលមានរូបសញ្ញាទេវតាដែលជានិមិត្តសញ្ញានៃក្តីសង្ឃឹមដ៏រឹងមាំមិនចេះរីងស្ងួតតរៀងទៅ៕

ដោយ៖ និស្សិតឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងសេដ្ឋកិច្ច