(ស្ទឹងត្រែង)៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ​ពីបទជួញដូរគ្រឿងញៀន ខុសច្បាប់ នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្រ្តបូរី ខេត្តក្រចេះ ដោយសមត្ថកិច្ចបានដកហូតថ្នាំញៀន១គីឡូក្រាម។ ​

នគរបាលជំនាញបានឲ្យដឹងថា ជនសង្ស័យដែលបាន​ឃាត់ខ្លួននោះមានឈ្មោះ​ ភី​ន​ រិទ្ធ​ ភេទ​ប្រុស ជនជាតិខ្មែរ​ មុខរបរ​ មិនពិតប្រាកដ មានអាយុ​៤១​ឆ្នាំ​ សព្វថ្ងៃរស់នៅភូមិថ្មី ឃុំ​ខ្សាច់អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីតំណាងអយ្យការខេត្តទាំង២ផងដែរ។

នគរបាលបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនICE​ ០១កញ្ចប់ធំ​ មិនទាន់ថ្លឹង(ប្រហែល01kg)​។

នគរបាលបានឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បាននាំយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសុំណុំឯកសារ តាមនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់​៕