(ភ្នំពេញ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃចាប់ផ្តើមដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ហើយក៏ជាថ្ងៃ ដែលគណបក្សប្រជាជនកម្ពុជាជ្រើសរើសយកជាការប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ។
ការបង្ហាញកម្លាំង ធនធានមនុស្ស បញ្ញាញាណ ស្នាដៃ គុណសម្បត្តិ និងមគ្គុទ្ទេសក៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សញ្ញារូបទេវតា លេខរៀងទី២០ គឺមានអត្ថន័យដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ភាពរឹងមាំនៃកម្លាំងស្នូលរបស់ជាតិ ព្រលឹងជាតិ និងការឯកភាពរបស់ប្រជាជាតិកម្ពុជា ក្នុងការរួមគ្នាពួតដៃការពារ កសាង អភិវឌ្ឍ មាតុភូមិកម្ពុជាឲ្យកាន់តែខ្ពស់ត្រដែតទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ប្រធានបក្សទេវតា គឺ សម្តេចតេជោ ហ៊ុន សែន នឹងចេញបើកមហាក្បួនជ្រោងទង់ជ័យជំនៈ ដើម្បីជាតិនិងប្រជាជនកម្ពុជា។ ច្បាស់ណាស់ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏នឹងថ្លែងសារនយោបាយ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មោះមុត ត្រឹមត្រូវ ប្រកបដោយភាពជាក់ស្តែង ច្បាស់លាស់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីអនាគតដ៏ប្រសើររបស់ជាតិនិងប្រជាជនកម្ពុជាតទៅមុខទៀត។ បក្សទេវតា គឺជាបក្សមានគុណធម៌ដ៏ជ្រាលជ្រៅ។ មានបក្សទេវតា គឺប្រជាជនកម្ពុជា នឹងពិតជានឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត។ បក្សទេវតា គឺជាបក្សរបស់ប្រជាជនកម្ពុជាជាអមតៈ!
គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាអស់រយៈពេល៦៧ឆ្នាំមកហើយ។ ក្នុងរយៈកាលនេះ ដំណើរកម្ពុជា ពិតជាបានឆ្លងកាត់របត់នយោបាយគ្រប់រស់ជាតិ ហើយគណបក្សប្រជាជនកម្ពុជា ក៏បានបំពេញតួនាទីជាប្រវត្តិសាស្ត្រឆ្លងកាត់ឧបសគ្គធំតូច រាប់មិនអស់ ដើម្បីទ្រទ្រង់ជាតិមាតុភូមិកម្ពុជា រាប់ចាប់តាំងពីការសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ចេញពីវាលមរណៈនៃពួក ប៉ុល ពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩, ការកសាងប្រទេសជាតិចេញពីគំនរផេះផង់, ការបង្រួបបង្រួមផ្សះផ្សាជាតិឡើងវិញ, និងដំណាក់កាលអភិវឌ្ឍន៍ប្រទេសជាតិរយៈពេល២០ឆ្នាំមកនេះ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនបំផុត។ ពិតណាស់ បក្សទេវតា មានការប្តេជ្ញារួមជាមួយប្រជាជនកម្ពុជា ធ្វើដំណើរឆ្ពោះទៅមុខយូរអង្វែងទៀត។
អ្វីៗទាំងអស់ដែលកំពុងផុសលេចត្រដែតឡើងនៅលើទឹកដីកម្ពុជា ជាទីស្នេហានេះ គឺជាចំណែកដែលមិនអាចផ្តាច់ចេញបានពីតួនាទីស្នូល និងការខិតខំរបស់ បក្សទេវតា នោះទេ។ សន្តិភាព, ស្ថេរភាព, ការអភិវឌ្ឍន៍, ស្នាមញញឹមរបស់ប្រជាជន, ការរស់នៅជួបជុំគ្រួសារ, ការកសាងជីវភាព, ការប្រកបមុខរបរ, ភាពស៊ីវិល័យរបស់ប្រជាជន, តួនាទីកម្ពុជានៅលើឆាកអន្តរជាតិ, ទំនើបកម្មសង្គម វប្បធម៌ សាសនា ពាណិជ្ជកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធ សិល្បៈ កីឡា អប់រំ និងការវិនិយោគ គឺបានរីកចម្រើនជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ បក្សទេវតា។
បក្សទេវតា គឺដើម្បីជាតិ សាសនា ព្រះមហាក្សត្រ។ បក្សទេវតា បានរួមចំណែកធ្វើឲ្យជីវភាពប្រជាជន មន្ត្រីរាជការ កម្មករ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ បានរីកចម្រើនប្រសើរឡើងឥតឈប់ឈរ។ បក្សទេវតា ប្តេជ្ញាខ្ពស់លើការការពារសន្តិភាព ផ្តល់ភាពកក់ក្តៅដល់ប្រជាជាតិកម្ពុជា តាមរយៈការការពារបូរណភាពជាតិ ទឹកដី និងតម្លៃអាយុជីវិតប្រជាជនកម្ពុជាគ្រប់ៗរូប។
គ្មានអ្វីគ្រប់យ៉ាងធ្លាក់ពីលើមេឃដោយឯកឯង ហើយក៏គ្មានអ្វីល្អឥតខ្ចោះនោះទេ។ ក៏ប៉ុន្តែ បក្សទេវតា មានគុណធម៌ដ៏ជ្រាលជ្រៅ ដែលធ្វើឲ្យសត្រូវគ្រប់ទិសទីបាក់បបរលាយខ្ចាត់ខ្ចាយ ផ្តល់ឱកាសឲ្យកម្ពុជាអាចកសាងនិងអភិវឌ្ឍលើគ្រប់វិស័យ។ មាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់ បក្សទេវតា ធ្វើឲ្យប្រទេសជាតិ ដើរទៅមុខ បង្កើតបានមិត្តភក្តិជិតឆ្ងាយគ្រប់ទីកន្លែង។
ពិតណាស់ ពិភពលោកបច្ចុប្បន្ន នៅមិនទាន់ចប់បញ្ហានៅឡើយទេ ទាំងបញ្ហាសេដ្ឋកិច្ច នយោបាយ និងសង្គ្រាម។ ប្រទេសនីមួយៗត្រូវការមេដឹកនាំពូកែវាងវៃ ដើម្បីដោះស្រាយបញ្ហាផង និងអភិវឌ្ឍន៍កសាងប្រទេសជាតិផង។ ករណីប្រទេសកម្ពុជា ក៏ដូច្នេះដែរ ដែលយើងចាំបាច់ត្រូវបន្តរួមគ្នាជាមួយមេដឹកនាំដ៏ល្អរបសើយើង ក្នុងការបន្តប្រយុទ្ធប្រឆាំង យក្ខ មារ សត្រូវ ជិតឆ្ងាយទាំងឡាយ ដែលមានឧបាយកលទុច្ចរិតតាមរុកគួនយាយីកម្ពុជាមិនឈប់ឈរ។
បទពិសោធន៍និងប្រវត្តិសាស្ត្រ នៃប្រទេសជាតិរបស់យើង បានបញ្ជាក់ច្បាស់រួចមកហើយថា កម្ពុជាធ្លាប់ខ្ទេចខ្ទាំដោយសារ កំហុសនយោបាយ ការលូកដៃពីបរទេស និងអ្នកនយោបាយដែលប្រមាថក្បត់ជាតិសាសន៍ឯង។ បញ្ហានេះ យើងមិនត្រូវធ្វើប្រហែស បណ្តោតឲ្យអនាគតប្រទេសជាតិយើង ធ្លាក់ក្នុងការហែកហួរដោយអំពើឃោរឃៅរបស់ពួកជ្រុលនិយម បរទេសទុច្ចរិតអ្នកនយោបាយខ្ចីសេចក្តី និងអ្នកនយោបាយគុំគួននោះឡើយ។
វីរៈជននៃកម្ពុជា បានធ្វើពលិកម្ម សាច់ស្រស់ឈាមស្រស់ច្រើនណាស់ ដើម្បីជ្រោងប្រទេសជាតិយើងឲ្យរួចរស់ពីរបបវាលពិឃាត សង្គ្រាមស៊ីវិល និងបដិវត្តន៍ពណ៌។ យើងទាំងអស់គ្នាពិតជាជំពាក់ការលះបង់និងគុណបំណាច់ដ៏ធំធេងនេះ។ ក៏ប៉ុន្តែ ការតបស្នងរបស់យើង ដោយការចូលរួម ការបន្តគាំទ្រមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ បក្សទេវតា នោះប្រទេសជាតិយើងនឹងបន្តធ្វើដំណើរឆ្ពោះទៅមុខដោយភាពសុខសាន្តត្រាន្ត និងជួបតែភាពរីកចម្រើនជានិច្ច។
ការអប់រំបណ្តុះបណ្តាលកសាងធនធានមនុស្សដ៏ល្អ គឺត្រូវការពេលវេលាយ៉ាងហោច២០ឆ្នាំ។ ការកសាងក្រុមហ៊ុនមួយត្រូវការពេលយ៉ាងហោច១០ឆ្នាំ។ ដូចគ្នា ការកសាងប្រទេសជាតិមួយ មិនអាចជប់តែក្នុងរយៈពេល១យប់ ឬ១ឆ្នាំ ឬ៥ឆ្នាំឲ្យបាននោះទេ។ ក៏ប៉ុន្តែ ត្រូវការកសាងអភិវឌ្ឍន៍តាមដំណាក់កាលជាបន្តបន្ទាប់ពីតូចទៅធំ ពីល្អ ទៅកាន់ប្រណិតភាព ដោយឈរលើផែនការជាក់ស្តែង។ ក៏ប៉ុន្តែ បើសង្គ្រាមកើតឡើងវិញ ទីក្រុងទំនើប ឬនគរមួយ គេអាចត្រូវបំផ្លាញចោលតែក្នុងពេលមួយយប់ ហើយប្រទេសជាតិទាំងមូលនឹងដើរថយក្រោយវិញរាប់សិបឆ្នាំ។
ក្នុងន័យនេះ យើងសូមអរគុណដល់ «ស្ថាបនិកសន្តិភាព» គឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមេដឹកនាំជាតិដ៏មានស្នាដៃក្នុងយុគ្គសម័យទំនើប ដែលបានធ្វើឲ្យកម្ពុជា រីកមុខ រីកមាត់ ហើយមានកិត្តិយសខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ។ នេះគឺជាគំរូ និងជាមោទនភាពរបស់ជាតិ ប្រជាជន យុវជន និង យុវនារី កម្ពុជា។
នៅពេលនេះ យើងអាចវាយតម្លៃបានថា គ្មានអ្នកនយោបាយជាន់ថ្មី ដែលមានលក្ខណៈសម្បត្តិ មកប្រៀបផ្ទឹមជាមួយស្នាដៃ សម្តេចតេជោ ហ៊ុន សែន ដែលបានកសាងប្រទេសជាតិជាក់ស្តែងនោះឡើយ ពីព្រោះទ្រឹស្តីអ្នកពិរោះណាស់ ប៉ុន្តែអ្នកដឹកនាំតែអង្គភាពតូចមួយមិនទាន់បានផង។ វោហាសាស្ត្រអ្នកហាក់ក្លាហានណាស់ ប៉ុន្តែការពិតអ្នករត់យកតែប្រាស់អាយុរៀងៗខ្លួន។ អ្នកបង្ហាញការស្រឡាញ់ជាតិជ្រាលជ្រៅណាស់ ប៉ុន្តែសូម្បីតែច្បាប់របស់ជាតិអ្នកមិនគោរពផង ហើយអ្នកគេចវេសមិនបង់ពន្ធជូនជាតិទៅទៀត។ អ្នកបង្ហាញសៀវភៅរាប់សិបក្បាល ប៉ុន្តែ សូម្បីទឹកចិត្តប្រជាជនកម្ពុជាខ្លួនឯងអ្នកអានមិនយល់ផង។
អ្នកមានអំនួតក្រអឺតក្រទមខ្លាំងណាស់ ប៉ុន្តែ អ្នកឱនក្បាលលូនក្រាបបម្រើផលប្រយោជន៍បរទេសទុច្ចរិត។ អ្នកមានអំនួតជាអ្នកតម្លាភាព ក៏ប៉ុន្តែ សូម្បីរបាយការណ៍ហិរញ្ញវត្ថុតែ១បន្ទាត់ ក៏អ្នកមិនហ៊ានបង្ហាញផង ហើយថែមទាំងហ៊ានប្រឌិតបំភ្លៃព័ត៌មានបំភ័យប្រជាជនមិនឲ្យទៅបោះឆ្នោត។ អ្នកអួតពីការកសាងនគរឲ្យទំនើប ប៉ុន្តែសូម្បីតែសក់អ្នកមិនចេះសិត អាវពាក់មិនទាន់សមរម្យ ហើយចងក្រវ៉ាត់ក មិនទាន់ត្រូវផងទេ។ អ្នកសំគមអួតថា ស្នេហារាជបល្ល័ង្គ ប៉ុន្តែ ឱនក្បាលជាមួយពួកក្បត់ប្រមាថព្រះមហាក្សត្រ... ទាំងអស់នេះហើយ ដែលកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នជានិច្ច។
យើងក៏ដឹងច្បាស់ណាស់ថា អ្នកខ្លះមិនបោះបង់ចោលគំនុំ មិនបោះបង់ចោលការសងសឹក មិនបោះបង់ចោលការចងអាឃាត និងការព្យាបាទមកលើកម្ពុជានោះទេ។ ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា គឺតូចជាងកំហឹងនិងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេឆ្ងាយណាស់។ នេះគឺជាគ្រោះថ្នាក់ចំពោះមុខយើង បើយើងធ្វេសប្រហែស។
យើងពិតជាត្រូវមានការប្រៀបធៀប និងថ្លឹងថ្លែងអំពីនយោបាយពិសពុលទុច្ចរិតរបស់«គេ»ចំពោះកម្ពុជា។ យើងស្គាល់បញ្ហា និងតម្រូវការតទៅមុខរបស់កម្ពុជា។ ដូច្នេះ យើងយល់ឃើញស្របគ្នាថា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានធនធានមនុស្ស សមត្ថភាព និង ទស្សនវិស័យដឹកនាំមាតុភូមិកម្ពុជា ឲ្យបន្តដំណើរឆ្ពោះទៅមុខលើផ្លូវសន្តិភាព និងការអភិវឌ្ឍន៍បានយូរអង្វែង។ លើសពីនេះ មានតែ គណបក្សប្រជាជនកម្ពុជា អាចទប់ស្កាត់បាយរាល់ឧបាយកលបំផ្លិចបំផ្លាញកម្ពុជា ហើយអាចការពារបាននូវខឿនឯករាជ្យ អធិបតេយ្យភាពជាតិ និងភាពសុខដុមរមនាសម្រាប់យើងទាំងអស់គ្នា។
ជ័យជំនះរបស់ គណបក្សប្រជាជនកម្ពុជា គឺជាជ័យជំនះរបស់យើងម្នាក់ៗ។ បក្សទេវតា គឺជាកម្លាំងស្នូលរបស់ជាតិ។ បក្សទេវតា គឺជាព្រលឹងរបស់ជាតិ។ បក្សទេវតា ផ្តល់ភាពត្រជាក់ត្រជុំរបស់ប្រជាជនគ្រប់ៗរូប។
ដូច្នេះ យើងរួមគ្នាជ្រោងទង់ជ័យជំនះនេះឲ្យបានខ្ពស់ត្រដែត និងអមតៈ។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ច្បាស់ណាស់ គឺយើងនឹងប្រើសិទ្ធិរបស់យើងជាម្ចាស់ប្រទេសរួមគ្នាបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា បក្សទេវតា លេខរៀងទី២០ ជាជម្រើសតែ១គត់ដ៏ល្អនិងត្រឹមត្រូវ ដើម្បីការពារ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិមាតុភូមិកម្ពុជារបស់យើង ដើម្បីខ្លួនយើង គ្រួសារយើង កូនចៅយើងតទៅមុខទៀត។ ជយោ! បក្សទេវតា គឺជាបក្សរបស់ប្រជាជនកម្ពុជាជាអមតៈ!៕
យើង, ប្រជាជនកម្ពុជា!