(ពោធិ៍សាត់)៖ អគារសិក្សាមួយខ្នងមាន៦បន្ទប់ បង្គន់អនាម័យ៤បន្ទប់ និងសមិទ្ធផលនានា ដោយចំណាយថវិកាអស់ជាង៤ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់អង្គការ តាប៊ីថាកម្ពុជា នៅក្នុងសាលាកម្រងបឋមសិក្សាស្រះម្កាក់ ស្ថិតក្នុងភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីទីប្រឹក្សា ក្រសួងមហាផ្ទៃ តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋប្រមាណ១៥០០នាក់។
លោក ង៉ែត ហ៊ាង មេឃុំអូរតាប៉ោង បានជម្រាបជូនថា ក្នុងឆ្នាំសិក្សា២០១៧-២០១៨ សាលាកម្រងបឋមសិក្សាស្រះម្កាក់ មានគ្រូ១០នាក់ សិស្ស៤៤៨នាក់ មាន១២ថ្នាក់។ ក្នុងឆ្នាំ២០១៨ ដោយសារកំណើនសិស្សនោះ អង្គការតាប៊ីថា កម្ពុជា បានជួយកសាងអគារសិក្សា១ខ្នង មាន៦បន្ទប់ បង្គន់អនាម័យ៤បន្ទប់ ចំណាយថវិកាអស់ជាង ៤ម៉ឺនដុល្លារអាមេរិក។ ក្រៅពីនោះក៏មានការ ចូលរួមជាថវិកាក្នុងការចាក់ដីបំពេញទីធ្លាសាលា អស់ថវិកាជិត១០លាន ដែលបានមកពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រ លោកស្នងការ ស្នងការរង និងប្រជាពលរដ្ឋ។
លោក ម៉ៅ ធនិន ក៏បានថ្លែងអំណរគុណ ចំពោះអង្គការ តាប៊ីថាកម្ពុជា ដែលបានជួយកសាងអគារសិក្សានេះឡើង ដើម្បីបំពេញតម្រូវការរបស់សិស្សដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំ។ ការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត។
លោក ម៉ៅ ធនិន បានបន្តដូចនេះសូមឱ្យក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគតនោះ គប្បីខិតខំសិក្សារៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត ពិសេស មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង។ ស្របពេលនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការនឹករលឹក ដល់ប្រជាពលរដ្ឋនៅក្នុងឃុំអូតាប៉ោង ក៏ដូចទូទាំងខេត្ត ដែលកន្លងមកលោកតែងតែ សុំចូលជាសមាជិកមហាគ្រួសារ រស់នៅក្រោមដំបូលតែមួយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកអភិបាលខេត្តបានថ្លែងដោយទទួលស្គាល់ថា នៅក្នុងមូលដ្ឋានគ្រប់ ស្រុក ក្រុង ឃុំ សង្កាត់ ដែលមានប្រជាពលរដ្ឋជាង៤៨ម៉ឺននាក់ និងជាងមួយម៉ឺនគ្រួសារ មានមួយចំនួនតែងតែមានការថ្នាំងថ្នាក់ជាមួយបុគ្គល តែទោះជាយ៉ាងនេះក៏ដោយ សូមបងប្អូនត្រូវយល់ឃើញថា សុខសន្តិភាព ស្ថេរភាព និងសមិទ្ធផលធំៗ ដែលបានកសាងអស់រយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ពិតជាមិនធម្មតាឡើយ។ ហេតុនេះក្នុងនាមរដ្ឋបាលខេត្ត សូមឱ្យបងប្អូនចូលរួមរក្សាការពារប្រយោជន៍ ដល់កូនចៅយើង ចំពោះបុគ្គលដែលខុសឆ្គង រដ្ឋបាលខេត្តធ្វើការកែតម្រូវ កត្តាដែលសំខាន់នោះ គឺវាសនាប្រទេសជាតិ ដែលសង្ឃឹមទៅលើប្រជាពលរដ្ឋយើង ចូលរួមទាំងអស់គ្នា ព្រោះថានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់ការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍន៍លើគ្រប់វិស័យបន្តទៅទៀត។
បន្ទាប់មកលោក ម៉ៅ ធនិន បានផ្តល់ជូនលិខិតថ្លែងអំណរគុណដល់ម្ខាស់ជំនួយ, ចែកជូនវត្ថុកំដរដៃអ្នកចូលរួមទាំង១៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១, ជួយដោះស្រាយថវិកាដល់សាលាបឋមសិក្សាស្រះម្កាក់២លានរៀល, វត្តសម្រោងពក១លានរៀល, សាលាស្តុកឃ្លោក១លានរៀល, ជួសជុលស្ពានស្រះម្កាក់៨០ម៉ឺនរៀល និងចាក់ដីបំពេញផ្លូវភូមិស្តុកឃ្លោក១លានរៀល។ ក្នុងនោះដែរលោក មឿង ទី ប្រជាពលរដ្ឋភូមិតាណៃ ជួយឧបត្ថម្ភសាលាបឋមសិក្សាតាណៃ១លាន២០ម៉ឺនរៀលផងដែរ៕