(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញបញ្ចូលយុវជននៅក្នុងខេត្តព្រៃវែង ៦១៦នាក់ជាសមាជិកគណបក្សប្រជាជនកម្ពុជា។

លោក ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែងបានថ្លែងក្នុងឱកាសនោះថា បន្ទាប់ពីបានបញ្ជ្រាបគោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារួចមក បានធ្វើយុវជនយល់ច្បាស់ពីគោលការណ៍ គោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចចិត្តស្ម័គ្រចូល និងបបួលបងប្អូន មិត្តភក្តិចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។

លោក ងិន បាណាល់ បានបន្តថា ក្នុងនោះក្រុមការងារយុវជនគណបក្សខេត្ត បានធ្វើពិធីបញ្ចូលយុវជនជាសមាជិកបក្សបានចំនួន ១៦លើករួចមកហើយ មានសមាជិកសរុប ៣,៦០០នាក់។

ក្នុងឱកាសនោះ លោក ស សុខា បានបន្តអំពាវនាវដល់ក្រុមយុវជនជាសមាជិកថ្មី បន្តថែរក្សាសន្តិភាព ព្រោះសុខសន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជាតិ និងប្រជាជន។ បើគ្មាសន្តិភាពទេ ពលរដ្ឋខ្មែរ យុវជនខ្មែរ គ្មានឱកាសធ្វើអ្វីៗដូចសព្វថ្ងៃនេះឡើយ។

លោក ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងដែរថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចទប់ស្កាត់សង្រ្គាម ហើយជួយធ្វើឲ្យសេដ្ឋកិច្ចជាតិនៅតែបន្ត
កើនឡើងជារៀងរាល់ឆ្នាំ៕