(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជាទាំងស្រុងក្នុងរយៈពេល២០ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាឈ្នះផុតពីសង្រ្គាម ឈ្នះផុតពីភាពក្រីក្រ និងឈ្នះផុតពីអនក្ខរៈភាពដែលនាំមកនូវការរីកចម្រើនលើគ្រប់វិស័យសម្រាប់ជាតិ។
លោក ស្តើង សុខុម ថ្លែងដូច្នេះទៅកាន់សមាជិកសមាជីការគណបក្សប្រជាជនដែលជាប្រធានក្រុមការងារឃុំ និង ភូមិ នៅក្នុងឃុំស្មោងជើងជាង ១.០០០ នាក់នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
«គុណតម្លៃនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេ ជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងភាពសុខដុមក្នុងសង្គមគ្រួសារខ្មែរ។នយោបាយឈ្នះឈ្នះគឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន»។ លោក ស្តើង សុខុម គូសបញ្ជាក់។
ក្នុងឱកាសនោះ លោក ស្តើង សុខុម ក៏បានលើកបង្ហាញអំពីការវិវត្តន៍របស់ប្រទេសកម្ពុជាដែលបានឈានចេញពីប្រទេសខ្ទេចខ្ទាំដោយសារសង្រ្គាម និងការកាប់សម្លាប់នៃរបបប៉ុលពត បានឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ លោកបន្តថា គ្មាននរណាស្មានដល់ថាកម្ពុជាអាចឈានមកដល់ដំណាក់កាលមួយពោរពេញដោយសុខសន្តិភាព និង ការអភិវឌ្ឍដូចសព្ធថ្ងៃនេះ ទេ។
លោកអនុប្រធានក្រុមការងាររូបនេះបានបញ្ជាក់ដូច្នេះ «បងប្អូនដែលមានអាយុចាប់ពី៥០ ឆ្នាំឡើងទៅ បងប្អូន អុំពូមីង លោកតា លោកយាយ ប្រាកដជាបានឆ្លងកាត់ និងស្គាល់រស់ជាតិនៃសង្រ្គាមដែលបានកើតឡើងនៅក្នុងប្រទេសឆ្នាំ១៩៧០ ដែលពួកលន់នល់ក្រោមការបង្គាប់បញ្ជារបស់បរទេសបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ។ បន្ទាប់មករបបប្រល័យពូជសាសន៍ប៉ុលពត ដែលសម្លាប់ខ្មែរគ្នាឯងដោយមិនញញើតដៃអស់ជាង៣លាននាក់ និងបានបន្សល់ទុកនូវសោកដ្ឋនាកម្មដ៏ខ្លោចផ្សារសម្រាប់ប្រជាជាតិមួយនេះ។ អ្វីៗក៏ត្រូវបំផ្លាញខ្ទេចនៅក្នុងដំណាក់កាលនោះ។ ថ្នាក់ដឹកនាំគណបក្សប្រជាជននៅក្នុងដំណាក់កាលនោះបានដាក់ចេញគោលដៅមួយរំដោះប្រជាជនឲ្យរស់រានមានជីវិតចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត»។
លោក ស្តើង សុខុម បន្តរៀបរាប់ថា «ដំណាក់កាលបន្តខិតខំធ្វើឲ្យប្រជាជនមានអាហារហូបចុកគ្រប់គ្រាន់ និងទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ។ នៅដំណាក់កាលថ្មីទៀត បើទោះបីគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងទឹកដីប្រមាណ ៩០ភាគរយក៏ដោយ តែក្នុងគោលដៅចង់បានការបង្រួបបង្រួមជាតិ គណបក្សប្រជាជនបានដាក់ចេញនូវគោលដៅថ្មីគឺចរចារជាមួយភាគីម្ខាងទៀត សម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបាននាំប្រទេសឈានដល់ការបោះឆ្នោតនៅឆ្នាំ១៩៩៣ និង បន្តមកទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រថុយប្រថានយកជីវិតធ្វើដើមទុនទៅប្តូរយកការបង្រួបបង្រួមជាតិ ដែលនាំមកនៅសុខសន្តិភាពនៅក្នុងឆ្នាំ ១៩៩៨ សុខសន្តិភាពនេះហើយដែលបានធ្វើឲ្យយើងមានអ្វីៗទាំងអស់នៅថ្ងៃនេះ»។
លោក ស្តើង សុខុម បានបន្តថាទាំងអស់នេះ កើតឡើងពីបាតដៃគណបក្សប្រជាជនកម្ពុជាដែលបានប្រឹងប្រែងធ្វើឲ្យរស់ឡើងវិញនូវប្រទេសជាតិដ៏កម្សត់មួយនេះ មិនត្រឹមតែរស់សម្រាប់ជីវិតមនុស្សដែលនៅសេសសល់ពីការសម្លាប់របស់ប៉ុលពតទេ។ ក៏ប៉ុន្តែតកូនតចៅតជំនាន់រហូតមកដល់ពេលនេះ ពីប្រជាជនប្រមាណ ៥លាននាក់នៅក្នុងក្រោយរំដោះ១៩៧៩ មកដល់ប្រជាជនជិត ១៦លាននាក់ នៅឆ្នាំ ២០១៨។
«មើលឃើញពីអតីតកាលនៅពេលដែលប្រទេសមានសង្រ្គាម ហើយតើបងប្អូនចង់បានសង្រ្គាមត្រឡប់មកវិញទេ ? ពិតជាគ្មាននរណាស្រឡាញ់សង្រ្គាមនោះទេ។ ដូចនេះដើម្បីរក្សាសន្តិភាពកុំឲ្យសង្រ្គាមកើតមានជីថ្មី បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ប្រាកដ៏ជាធានាបាន ។ ព្រោះបងប្អូនបានរស់នៅជាមួយគណបក្សប្រជាជនជិត ៤០ឆ្នាំហើយ អ្វីដែលបងប្អូនទទួលបាន ពិតបា្រកដ៏នោះ គឺសុខសន្តិភាព ការអភិវឌ្ឍទាំងសេដ្ឋកិច្ចសង្គម ទាំងជីវភាពគ្រួសារ តើមានអ្វីប្រសើរជាងនេះទៀតនោះ។ បើសិនប្រទេសរបស់យើងមានសង្គ្រាមត្រឡប់មកវិញ ប្រាក់ចំណូល ការងារ សុភមង្គលគ្រួសារ ដែលកំពុងមាននៅក្នុងដៃបងប្អូនសព្ធថ្ងៃនឹងរលាយបានភ្លាមមួយរំពេច»។ លោក ស្តើង សុខុម បន្ថែម។
លោកអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារ បន្តអំពាវនាវឲ្យមានប្រជាជនចូលរួមធ្វើការសម្រេចចិត្តដោយត្រឹមត្រូវមួយក្នុងគោលដៅរក្សាសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍជាបន្ត។ ដើម្បីធានាដល់សន្តិភាព ធានាដល់ការងារធ្វើ និងប្រាក់ចំណូលដែលបងប្អូនកំពុងមាន ជម្រើសដែលល្អជាងគេ គឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា៕