(ភ្នំពេញ)៖ លោកគ្រូអ្នកគ្រូ និងមន្ដ្រីក្រសួងអប់រំ នៃខេត្តពោធិ៍សាត់ បានប្ដេជ្ញាថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបន្តជីវិតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជ្រើសរើសមេដឹកនាំដែលនាំពួកគាត់មានសុខសុវត្ថិភាព និងការអភិវឌ្ឍន៍ ។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោកគ្រូអ្នកគ្រូ និងមន្ដ្រីក្រសួងអប់រំនៃខេត្តពោធិ៍សាត់ នៅលើរថភ្លើង ដែលធ្វើដំណើរពីពោធិ៍សាត់-ភ្នំពេញ បានថ្លែងថា ពួកគាត់បានត្រៀមខ្លួនទៅបោះឆ្នោតរួចរាល់ហើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទោះបីរវល់យ៉ាងណាក្ដី ក៏ត្រូវតែទុកចោលសិន ទៅបោះឆ្នោត ព្រោះការបោះឆ្នោតមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។
ពួកគាត់បានបញ្ជាក់យ៉ាងដូច្នេះ «នេះជាពេលវេលា ដែលពួកខ្ញុំមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្ញុំស្រលាញ់គាំទ្រ ពិសេសមេដឹកនាំដែលមានការគិតគូរ និងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន និងជួយឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ»។
សូមបញ្ជាក់ថា នៅសល់តែ២៣ថ្ងៃទៀត ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឈានចូលមកដល់ហើយ។ ការបោះឆ្នោតអាណត្តិនេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងរហូតដល់ទៅ២០គណបក្ស។
សូមទស្សនាវីដេអូរបស់លោកគ្រូអ្នកគ្រូ និងមន្ដ្រីក្រសួងអប់រំនៃខេត្តពោធិ៍សាត់ បង្ហាញពីការប្ដេជ្ញាចិត្ដ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទិ២៩ ខែកក្កដា ឆ្នាំ២០១៨នេះ៖