ផ្លូវលំមួយខ្សែប្រវែង១១គីឡូម៉ែត្រ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ ចំណាយថវិកាចំនួន៨ម៉ឺនដុល្លារ ក្រោមជំនួយអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត នៅខេត្តកណ្តាល
06-07-2018 18:36
(កណ្តាល)៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សេង ស៊ីណារិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអំពៅព្រៃ និងជាប្រធានគណៈពង្រឹងឃុំអំពៅព្រៃ និងគណៈគ្រប់គ្រងឃុំអំពៅព្រៃ និងលោក Li Min តំណាងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវលំប្រវែង១១គីឡម៉ែត្រ ចំណាយថវិកាចំនួន៨ម៉ឺនដុល្លារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោមជំនួយឧបត្ថម្ភថវិការបស់អង្គការមូលនិធិសប្បុរសធម៌ ព្រីស រៀល អ៊ីស្ទេត និងក្រុមហ៊ុន លីង ហាង អ៊ីនវេសម៉ិន នៅឃុំអំពៅព្រៃ ស្រុកស្អាងខេត្តកណ្តាល។
លោក សេង ស៊ីណារិន បានថ្លែងថា កន្លងមកផ្លូវលំមួយខ្សែនេះ បានរងការខូចខាតស្ទើរទាំងស្រុង ពិបាកធ្វើដំណើរនៅរដូវវស្សា ក្នុងការដឹកជញ្ជូនកសិផល ចេញ-ចូលទៅទីផ្សារ ប៉ុន្តែក្រោយពីអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានឧបត្ថម្ភថរិកា៨ម៉ឺនដុល្លារអាមេរិក ដោយបានជួសជុល និងក្រាលថ្មមិច មានប្រវែងសរុប ៥,៦៣៥ ម៉ែត្រ កម្រាស់០.១៥ម២ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជនពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ជាមួយគ្នានេះលោក សេង ស៊ីណារិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបានចូលរួមឧបត្ថម្ភថវិកា កសាងផ្លូវលំមួយខ្សែនេះ ដោយបានជួយសំរួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
លោកអគ្គនាយក Li Min បានថ្លែងថា អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ដែលមកដល់បច្ចុប្បន្ននេះ អង្គការសប្បុរសធម៌មួយនេះ បានរៀបចំនិងចូលរួមសកម្មភាពសប្បុរសធម៌ជាង១៨០លើក ដោយបានបរិច្ឆាគសរុបជាទឹកប្រាក់ជាង៣លានដុល្លារអាមេរិក ដែលប្រជាជនក្រីក្រលំបាកជាង១៥ម៉ឺននាក់ ទទួលបានអំណោយ ពីអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត។
បន្ទប់ពីពិធីសម្ពោធផ្លូវខាងលើលោកអគ្គនាយក Li Min និងក្រុមការងារបានមកដល់មណ្ឌលសុខភាពឃុំអំពៅព្រៃ លោក Li Min បានស្វែងយល់អំពីស្ថានភាពមណ្ឌលសុខភាពនេះ ដោយលោកបានឧត្ថម្ភ១០០០ដុល្លារអាមេរិក ជួយដល់មណ្ឌលផងដែរ៕