(ភ្នំពេញ)៖ ថ្លែងនៅក្នុងធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃស្អែកនេះ ដែលជាថ្ងៃឃោសនារកសំឡេងឆ្នោតលើកដំបូង គណបក្សប្រជាជនកម្ពុជា នឹងមានសមាជិក សមាជិការចូលរួមប្រមាណ៨ម៉ឺន ទៅ១០ម៉ឺននាក់ ដែលជួបជុំគ្នានៅសាលមហោស្រពកោះពេជ្រ ហើយបន្តបែងចែកទៅតាមមូលដ្ឋានផ្សេងៗ។
នៅក្នុងឱកាសនោះ លោក សុខ ឥសាន បានបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងថ្លែងសន្ទរកថា ដែលប្រកាសជាចំហរនូវ គោលនយោបាយថ្មី ដើម្បីជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ផងដែរ។
ទទ្ទឹមនឹងនេះ ក៏មានការផ្សាយបន្តផ្ទាល់សន្ទរកថា របស់សម្តេចប្រធានគណបក្សទៅទូទាំងប្រទេសទាំងអស់គ្នា ហើយក្រោយពេលដែលចប់ពិធីបើកយុទ្ធនាការធំ គឺសមាជិក សមាជិការគណបក្ស ដែលបានចូលរួមនៅក្នុងមហាមិទ្ទីញនេះ នឹងចែកផ្លូវទៅតាមមុខព្រួញ ដែលបានកំណត់ដូចជា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត-ស្រុកនានាព្រមៗគ្នា នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅព្រឹកមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់តាមរយៈ Facebook ថា យុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។ ព្រមជាមួយនឹងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ក៏ប្រារព្ធខួបកំណើតលើកទី៦៧ នៅថ្ងៃសៅរ៍ស្អែកនេះផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានបង្ហាញនូវក្តីសប្បាយរីករាយ ចំពោះបងប្អូនជនរួមជាតិ ដែលបាននិងកំពុងរង់ចាំព្រឹត្តិការណ៍ដ៏សំខាន់ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ សម្តេចសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយជម្រើសដ៏ល្អបំផុត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ មានរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់២៧ ខែកក្កដា ឆ្នាំ២០១៨។ ការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន២០ គណបក្សចូលរួមប្រកួតប្រជែង៕