(ព្រះសីហនុ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ លោក ប៉ុល សារឿន សមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល ជាប្រធានក្រុមការងារ គណកម្មាធិការកណ្តាលចុះជួយ ខេត្ត ព្រះសីហនុ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលចំណាយទឹកប្រាក់ឱ្យចំនួន១៦៤,៣៣៥$ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោក ប៉ុល សារឿន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស។ សន្តិភាពដែលកម្ពុជា មាននៅក្នុងដៃ គឺបានប្រសូតចេញពីការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដោយទទួលបានជោគជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៩៨ ហើយត្រូវបានកំណត់ជាទិវាឈ្នះ-ឈ្នះ ដែលយើងទាំងអស់គ្នាចងចាំជានិច្ចមិនអាចបំភ្លេចបាន។ លើសពីនេះទៀត កម្ពុជាបានទប់ស្កាត់ទាន់ពេលវេលានូវសកម្មភាពរបស់អតីតបក្សប្រឆាំង ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៍ពណ៌ ដែលអាចធ្វើឱ្យមាតុភូមិកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដោយសារការបំផ្លិចបំផ្លាញសន្តិភាពនិងការអភិវឌ្ឍ។

ជាមួយនឹងសមិទ្ធផលសង្គមជាច្រើនអនេក ដែលកើតចេញពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល មានគោលនយោបាយបន្តការពារឱ្យកាន់តែរឹងមាំនូវសន្តិភាព បន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពសម្បូរសប្បាយ និងការពារអធិបតេយ្យជាតិ ការពារផលប្រយោជន៍ជាតិ ព្រមទាំងបន្តគោលនយោបាយលើកកម្ពស់កិត្យានុភាពជាតិ ស្មើសិទ្ធិ ស្មើភាពជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។

ទឡ្ហីករណ៍ទាំងអស់នេះ កាន់តែឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន។ ដើម្បីពង្រឹងប្រៀបឈ្នះរបស់គណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវក្តាប់ជាប់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ការពារឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌។ លើកកម្ពស់ការអនុវត្តច្បាប់ ពង្រឹងសណ្តាប់ធ្នាប់សាធារណៈ រក្សារាល់សមិទ្ធផលសង្គមជាតិឱ្យបានគត់មត់ និងបន្តរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែរីកចម្រើន។ បន្តជំរុញកំណែទម្រង់ស៊ីជម្រៅ ដើម្បីធានាបានអភិបាលកិច្ចល្អ ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព យុត្តិធម៌ និងធ្វើឱ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវបន្តរៀបចំរាល់ការងារឱ្យបានល្អ និងទាន់ពេលវេលាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ បន្តកសាង ពង្រឹងអង្គភាពចាត់តាំងក្រុមការងារបក្ស និងសមាជិកបក្ស ទាំងខាងនយោបាយនិងសតិអារម្មណ៍ ដើម្បីធានាប្រសិទ្ធភាពការងារ។

បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងស៊ីជម្រៅអំពីសមិទ្ធផលលើគ្រប់វិស័យ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជន ជាពិសេស ត្រូវបំផុសឱ្យឃើញនូវមនុញ្ញផលដ៏មហាសាល នៃសន្តិភាព។ តាមដានជាប្រចាំ និងវាយបកឱ្យទាន់ពេលវេលារាល់ ការឃោសនាអកុសល និងឧបាយកលទុច្ចរិតរបស់អតីតបក្សប្រឆាំង និងមជ្ឈដ្ឋានអគតិ ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត និងសន្តិភាពជាតិ។ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំង ក្តាប់សភាពការណ៍ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យបានជាប់ជាប្រចាំ។

លោក ប៉ុល សារឿន បានថ្លែងអំណរគុណជាអនេកប្បការចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភជាថវិកាសម្រាប់សាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សីលា។ តាមរយៈទីស្នាក់ការគណបក្សដ៏ល្អមួយនេះ វានឹងក្លាយជាមូលដ្ឋានដ៏រឹងមាំរបស់សមាជិក សមាជិកាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឆ្ពោះទៅរកជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕