(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងស្តីពី ការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងការដង្ហែក្បួនបើកយុទ្ធនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី០៧ ខែកក្កដា​ ឆ្នាំ២០១៨ របស់គណបក្សនយោបាយចំនួន៥។

តាមសេចក្តីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចំនួន៥ ដែលនឹងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ រួមមាន៖ គណបក្សប្រជាជនកម្ពុជា មានសមាជិកចូលរួមដង្ហែ៦ម៉ឺននាក់, គណបក្សហ្វ៊ុនស៉ិនប៉ិច២ពាន់នាក់, គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ១ម៉ឺន៥ពាន់នាក់, គណបក្សឆន្ទៈខ្មែរ៣រយនាក់ និងគណបក្សរួបរួមជាតិ៦២៥នាក់ ដោយធ្វើការជួបជុំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងនៅស្នាក់ការគណបក្សរៀងៗខ្លួន។

សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា គណបក្សទាំងនោះនឹងដើរក្បួនតាមផ្លូវសំខាន់ៗ ដូចជា៖ រង្វង់មូលសម្តេចសង្ឃ ជួនណាត មហាវិថីម៉ៅសេទុង មហាវិថីមុនីរ៉េត កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស រង្វង់មូលជ្រោយចង្វារ ត្រើយខាងលិច ផ្លូវសេខ២៧១ ផ្លូវលេខ៧០ ផ្លូវមិត្តភាពភ្នំពេញហាណូយ ផ្លូវណតប្រ៊ឺត ផ្លូវទ្រូងមាន់ ផ្លូវចោមចៅ ផ្លូវជាតិលេខ៦អា ផ្លូវសម្តេចប៉ែននុត ផ្លូវលេខ៣៧១ ផ្លូវលេខ៥៩៨ និងផ្លូវសំខាន់ៗ មួយចំនួនទៀត រួចរំសាយតាមភូមិសាស្ត្រ ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ៕