(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែកក្កដានេះ បានចេញមកបញ្ជាក់ជាថ្មី បន្ទាប់ពីធ្វើការស្រាវជ្រាវ ដោយសហការជាមួយក្រសួងពាណិជ្ជកម្មថៃ បានរកឃើញក្រុមហ៊ុនដែល បន្លំលក់អង្ករដាក់រូបប្រាសាទអង្គរវត្តរបស់ខ្មែរលើបាវអង្ករ តែជាផលិតផលអង្កររបស់ថៃហើយ និងបានពន្យល់ អប់រំក្រុមហ៊ុននោះផងដែរ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា បន្ទាប់ពីពន្យល់ និងអប់រំរួចមក ក្រុមហ៊ុនលក់អង្ករនោះ បានសន្យាថា ខ្លួនឈប់ដាក់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា លើបាវអង្ករ ដែលខ្លួនបញ្ជាទិញមកពីប្រទេសទៀតហើយ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា «បន្ទាប់ពីសហការគ្នា ក្រសួងពាណិជ្ជកម្មថៃ បានស្រាវជ្រាវឃើញហើយ ក៏បញ្ជាក់ឲ្យភាគីកម្ពុជាដឹងថា ទីប្រឹក្សាពាណិជ្ជកម្មថៃ ប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានចុះពិនិត្យ និងរកឃើញថា មានក្រុមហ៊ុនលក់អង្ករបានកម្មង់ អង្ករពីប្រទេសថៃ ដោយឱ្យច្រកក្នុងការ៉ុង ដែលមានដាក់រូបប្រាសាទអង្គរវត្ត ប៉ុន្ដែពេលនេះទីប្រឹក្សាពាណិជ្ជកម្មថៃ បានណែនាំក្រុមហ៊ុនឱ្យយល់ពីផលប៉ះពាល់ ក្នុងការប្រើប្រាស់រូបប្រាសាទអង្គរវត្ត លើសំបកការ៉ុងអង្ករថៃ ហើយក្រុមហ៊ុន បានយល់ព្រមឈប់ប្រើរូបប្រាសាទអង្គរវត្ត លើសំបកការ៉ុងអង្ករថៃទៀតហើយ ដោយក្រុមហ៊ុននឹងរចនាសំបកការ៉ុងថ្មីមកប្រើប្រាស់វិញ»។
សូមបញ្ជាក់ថា កាលពីកំឡុងខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ មានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ បងប្អូនប្រជាពលរដ្ឋកម្ពុជា ជុំវិញករណីបាវអង្ករមានរូបប្រាសាទអង្គ និងអក្សរខ្មែរ តែដាក់ថាជាផលិតថៃ។
ភ្លាមៗបន្ទាប់ពីមានការរិះគន់នេះ ក្រសួងពាណិជ្ជកម្មចេញមកបញ្ជាក់ថា បន្ទាប់ស្រាវជ្រាវបឋម គឺពិនិត្យឃើញថា ទំនិញអង្ករខាងលើនេះ មានដាក់លក់នៅ ក្នុងទីក្រុងម៉ុលរ៉េអាល់ នៃប្រទេសកាណាដា ពុំមានដាក់លក់នៅតាមផ្សារ នៃប្រទេសផ្សេងៗនោះឡើយ។
ក្រសួងពាណិជ្ជកម្មចាត់ទុកការដាក់រូបប្រាសាទអង្គរវត្តខ្មែរលើបាវអង្ករថៃនេះជា ការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញអង្ករបរទេស (ថៃឡង់ដ៍) ដែលមានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាខេមរៈភាសាថា «អង្ករក្រអូបពិសេស» ដើម្បីបំភ័ន្តអ្នកប្រើប្រាស់ ពីប្រភពដើមនៃទំនិញ៕