(កំពង់ឆ្នាំង)៖ កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង ប្រមាណជាង៣០០នាក់ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើលំហាត់ សមយុទ្ធជាក់ស្តែង ដើម្បីត្រៀមទប់ស្កាត់ និងបង្ក្រាបបាតុកម្មខុសច្បាប់ រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ នៅក្នុងពេលបោះឆ្នោត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

នៅក្នុងតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ការធ្វើសមយុទ្ធនៅក្នុងថ្ងៃនេះ គឺដើម្បីហ្វឹកហាត់លំហាត់ជាក់ស្តែង ក្នុងកិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបាតុកម្ម ដើម្បីពង្រឹងសមត្ថភាព គុណភាព និងបច្ចេកទេសប្រតិបត្តិការរបស់កងកម្លាំងអន្តរាគមន៍ ដើម្បីឈានទៅសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់​ឲ្យ សម្រេចបានជោគជ័យក្នុងពេលបោះឆ្នោតខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ បានបន្តថា កងអន្តរាគមន៍ពិសេសនេះ ចែកចេញជាកងដំបងខែល កងដំបងឆក់ កងបាញ់កាំភ្លើងឧស្ម័ន កងកាំភ្លើងគាំទ្រ កងរថយន្តសង្គ្រោះ និងកងរថយន្តបាញ់ទឹក ដែលមានចំនួនសរុបជាង ៣០០នាក់។

បើតាមស្នងការនគរបាលខេត្តរូបនេះ កងអន្តរាគមន៍ពិសេសទាំងអស់ខាងលើ ត្រូវមានមុខត្រៀម ២៤ម៉ោង នៅក្នុងស្នងការដ្ឋាន និងតាមគោលដៅពិសេសមួយចំនួន ដើម្បីរង់ចាំទទួលបទបញ្ជា ចេញប្រតិបត្តិការពេលមានបាតុកម្មខុសច្បាប់ និងរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅគ្រប់ទីកន្លែង និងបង្ក្រាបគ្រប់សកម្មភាព របស់ក្រុមអគតិ ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្នុងពេលរាប់សន្លឹកឆ្នោត រហូតដល់ពេលប្រកាសសមាសភាពរាជរដ្ឋាភិបាលថ្មី ដែលកើតឡើងដោយការបោះឆ្នោត៕