(កណ្តាល)៖ ប្រជាពលរដ្ឋដែលរស់ នៅក្នុងមូលដ្ឋានឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ក្នុងរយៈពេល៥ឆ្នាំមកនេះ បានទទួលសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងផ្លូវបេតុង, ផ្លូវចាក់ថ្មម៉េចទូទាំងឃុំអំពៅព្រៃ ដែលជាអំណោយរបស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកសេង ស៊ីណារិន ប្រធានគណៈពង្រឹងឃុំអំពៅព្រៃបក្សប្រជាជនកម្ពុជា តំណាងលោកហ៊ីង ប៊ុនហៀង។

បើតាម លោកហៀង ចាន់ថុល ជំទប់ទី១ឃុំអំពៅព្រៃ បានឲ្យដឹងថា ឃុំអំពៅព្រៃដែលមាន​ លោក សេង ស៊ីណារិន ជាប្រធានគណៈពង្រឹង បានធ្វើការអភិវឌ្ឍ និងរីកចម្រើនពីមួយថ្ងៃទៅមួយ ពិសេសផ្នែកហេដ្ឋានរចនាសម្ព័ន្ធរួមមាន៖ ផ្លូវថ្នាល់, ស្ពាន, ប្រឡាយ, លូស្ទាក់ទឹក, និងភ្លើងអគ្គិសនីដាក់បំភ្លឺតាមដងផ្លូវជាដើម។

លោកបន្តថា ក្រៅពីនេះ ក៏មានការកសាងមណ្ឌលសុខភាព, ការកសាងរបងសាលារៀន, របងវត្ត, សាលាបុណ្យ, រួមទាំងការឧបត្ថម្ភជាថ្នាំពេទ្យ និងសម្ភារ និងបរិក្ខាមួយចំនួនបម្រើឲ្យវិស័យសុខាភិបាលថែមទៀត ដែលសមិទ្ធផលទាំងនេះ ចំណាយថវិកាអស់ជាង ១លាន ១សែនដុល្លារអាមេរិក។

បន្ថែមពីលើនេះ ដោយមើលឃើញអំពីផ្លូវថ្នល់ ដែលទទួលរងការខូតខាតយ៉ាងដំណំនោះ ប្រធានគណៈពង្រឹងឃុំអំពៅព្រៃ និងក្រុមការងារ បានចាប់ផ្ដើមធ្វើការជួសជុលផ្លូវ និងពង្រីកផ្លូវបន្ថែម ដែលមានប្រវែង ១ម៉ឺន ៦៥៤ម៉ែត្រ, ធ្វើស្ពានតាអ៊ុយជាថ្មី និងបន្តធ្វើលូស្ទាក់ទឹក ២កន្លែងថែមទៀត ដោយចំណាយថវិកាអស់ជាង ១សែន ៨ម៉ឺនដុល្លារអាមេរិក។

លោកសេង ស៊ីណារិន បានថ្លែងក្នុងឱកាសនេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលផ្សេងទៀតនៅក្នុងឃុំអំពៅព្រៃ គឺកើតចេញពីប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងទស្សនៈវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានថ្លែងបន្តថា យើងសប្បាយរីករាយ និងមានមោទនភាព ចំពោះការកសាងសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល សម្រាប់បម្រើផលប្រយោជន៍ ដល់សង្គមជាតិ និងប្រជាជន និងបានជំរុញឲ្យមានអ្នកវិនិយោគិនបរទេស ព្រមទាំងអ្នកទេសចរណ៍ អន្តរជាតិ មកវិនិយោគ និងទស្សនាប្រទេសកម្ពុជាកើនឡើងជាលំដាប់ ដែលធ្វើប្រជាពលរដ្ឋ មានការងារធ្វើច្រើនផងដែរ។

នៅក្នុងឱកាសដដែលនេះ លោក សេង ស៊ីណារិន បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់ឃុំអំពៅព្រៃទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឲ្យប្រទេសជាតិមានសុខភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍបន្តបន្ទាប់ទៀត ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត៕