(ភ្នំពេញ)៖ នៅថៃ្ងទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយ លោក អ៊ិត សណ្ដាប់ ជាអនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ សហការជាមួយមន្រ្តីជំនាញរបស់នាយកដ្ឋានមន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួន ដែលមានទីតាំងនៅក្នុងខណ្ឌដូនពេញ និងខណ្ឌឬស្សីកែវ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងការពាផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈ មិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។
ការត្រួតពិនិត្យគុណភាព និងបរិមាណនេះគឺផ្នែកទៅលើ ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជា ធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ៥លីត្រ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ/ដេប៉ូទាំង៤ទីតាំងនេះ គឺ១ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ និងតម្លៃលក់រាយខ្ពស់ជាង តារាងតម្លៃប្រេងឥន្ធនៈដែលប្រកាសដោយក្រសួងពាណិជ្ជកម្ម និង៣ទីតាំងទៀត មិនមានអនុលោមភាពផ្នែកបរិមាណ។
លោក អ៊ិត សណ្ដាប់ បានបញ្ជាក់បន្ថែមថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធ្វើការត្រួតពិនិត្យឱ្យបានគ្រប់ស្ថានីយ៍/ដេប៉ូទាំងអស់ទូទាំងប្រទេស ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះស្ថានីយ៍/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងមិនសមស្រប ត្រូវធ្វើការបញ្ឈប់និងកែតម្រូវឱ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធ នឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។
លោកក៏បានបញ្ជាក់ថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ត្រូវពិចារណាជាមុន ក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្កើមជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេងរហូត ដល់ចំនួនលីត្រចុងក្រោយ បានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕