(ភ្នំពេញ)៖ នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) លោក Graeme Buckley បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តន៍ប្រកបដោយជោគជ័យនូវក្របខណ្ឌគោលនយោបាយគាំពារសង្គម និងការរៀបចំឲ្យមានវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីកែសម្រួលបញ្ញតិ្តមាត្រា៨៩ ស្តីពីការទូទាត់ប្រាក់បំណាច់បណ្តេញចេញ និងមាត្រាពាក់ព័ន្ធនៃច្បាប់ស្តីពីការងារ ក្នុងគោលបំណងរក្សាផលប្រយោជន៍ជូនកម្មករនិយោជិត និងនិយោជក។
នេះយោងបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីជំនួបពិភាក្សាការងារ រវាងលោក Graeme Buckley និងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានប្រាប់ទៅលោក Graeme Buckley ស្តីពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយអង្គការ ILO ដែលរហូតមកទល់ពេលនេះ កម្ពុជាទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើនដូចជា ការធានាបាននូវលក្ខខណ្ឌការងារល្អ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា ការរៀបចំនូវបទដ្ឋាននានាបន្ថែមទៀត ដើម្បីធានាដល់ការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព នូវច្បាប់ស្តីពីសហជីព និងការត្រៀមរៀបចំបន្តកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ពីឆ្នាំ២០១៩-២០២៣។
នាឱកាសនោះដែរ លោក Graeme Buckley ក៏បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះវឌ្ឍនភាពទាំងអស់នេះ ដែលកម្ពុជាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយឆន្ទៈមុះមុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រេចបានជោគជ័យ។
លោកនាយកការិយាល័យរូបនេះ បានសន្យាថា ILO នឹងបន្តជួយដល់សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ហើយលោកក៏រីករាយបន្តរួមសហការជាមួយនឹងក្រសួងការងារ ដើម្បីធ្វើឲ្យសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាកាន់តែមានភាពល្អប្រសើរថែមទៀត។
នៅឆ្នាំ២០១៩ ខាងមុខនេះ ភាគីទាំងពីរបានឯកភាពគ្នាត្រៀមរៀបចំឲ្យមានជាព្រឹត្តិការណ៍ដ៏ធំមួយនៅកម្ពុជា សម្រាប់អបអរសាទរពិធីប្រារព្ធខួបអនុស្សាវរីយ៍ ១០០ឆ្នាំ នៃការបង្កើតអង្គការ ILO (១៩១៩-២០១៩) និងខួប៥០ឆ្នាំ (១៩៦៩-២០១៩) នៃការចូលជាសមាជិកអង្គការ ILO របស់កម្ពុជា ដើម្បីបង្ហាញឲ្យឃើញពីសមិទ្ធផលនានា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការប្រកបដោយភាពជាដៃគូនេះ ក៏ដូចជាការវិវត្តរីកចម្រើននៃសិទ្ធិការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ព្រមទាំងបង្ហាញឲ្យឃើញផងដែរ នូវផលលាភដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិរបស់កម្ពុជា៕