(បាត់ដំបង)៖ តំណាងរាស្ត្រមណ្ឌលបាត់ដំបង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសង្កែ លោក ឡោក ហួរ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងាររួមមានលោក សែម ស៊ីណង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារមួយចំនួនទៀត ចុះជួបសំណេះសំណាលជាមួយសមាជិកបក្សជាង២ពាន់នាក់ នៅក្នុងឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីឈានទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៦ ឆ្នាំ២០១៨ ទទួលជោគជ័យ ។
ក្នុងឱកាសនោះ លោកតំណាងរាស្រ្ត បានជម្រាបជូនប្រជាពលរដ្ឋថា នៅសល់តែរយៈពេល២៣ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោត ។ លោកបានប្រាប់ប្រជាពលរដ្ឋឲ្យត្រៀមឯកសារឲ្យគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ពិសេសបោះឆ្នោតគណបក្សប្រជា ជនកម្ពុជា ដែលមានលេខរៀងទី២០ នៅក្រោមគេ និងមានរូបសញ្ញា ទេវតាបាចផ្កា ជាសម្គាល់ ដើម្បីទទួលបានជ័យជម្នះជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនីតិកាលទី៦នេះដឹកនាំប្រទេសជាតិបម្រើប្រជាជន ការពារសន្តិភាព ជូនប្រទេសជាតិបានរស់នៅសុខសាន្តតទៅ។
អ្នកតំណាងរាស្រ្ត បានបញ្ជាក់ពីប្រវត្តិសាស្រ្តខ្មែរក្នុងរបបដឹកនាំជំនាន់មុនៗថា ប្រជាពលរដ្ឋខ្មែរមិនដែលបានរស់នៅសុខសប្បាយនោះទេ គឺក្នុងរបបនីមួយៗស្គាល់តែសង្រ្គាម កាប់សម្លាប់ខ្មែរនិងខ្មែរ ព្រាត់ប្រាស់បងប្អូន ស្ទើរតែគ្មានជីវិតរស់នៅដល់សព្វថ្ងៃ។ លោកបានបន្តទៀតថា នេះក៏ដោយសារឥទ្ធិពលនយោបាយបរទេសនៅពីក្រោយផងដែរ។
ជាចុងក្រោយនេះកុំតែបានគុណគណបក្សប្រជាជនបាន បង្កើតរណៈសិរ្យសង្រ្គោះជាតិកម្ពុជា ២ធ្នូ ដែលមានឥស្សរជនកំពូលដឹកនាំកម្លាំង បានតស៊ូរំដោះជាតិ និងប្រជាពលរដ្ឋទាំងស្រុងនាថ្ងៃ៧ មករា១៩៧៩រួចផុតពីរបបកាបសម្លាប់ ប៉ុល ពត ទេនោះ តើលោកតា លោកយាយ បងប្អូនបានរស់រានមានជីវិតដល់សព្វថ្ងៃទេ ដូច្នេះប្រជាពលរដ្ឋខ្មែរយើងមិនត្រូវភ្លេចថ្ងៃ៧មករា១៩៧៩ ជាថ្ងៃប្រវត្តិសាស្រ្តខ្មែរ ដែលកូនខ្មែរត្រូវចងចាំជានិច្ច មិនដូចជនអគតិក្រុមប្រឆាំងនាំគ្នាបំភ្លេចថ្ងៃប្រវត្តិសាស្រ្តនេះ ខណៈដែលខ្លួនឯងធ្លាប់រស់នៅក្នុងរបបនេះផងដែរ។
មិនតែប៉ុណ្ណោះក្រុមអគតិនេះថែមទាំងដើរស្រែកញុះញង់ប្រជាពលរដ្ឋគ្រប់មធ្យោបាយ គ្រប់រូបភាពធ្វើយ៉ាងណាឲ្យស្អប់គណបក្សប្រជាជន ដែលជាអ្នកមានគុណធ្លាប់បានសង្រ្គោះជីវិតខ្លួន ដោយបំភ្លៃការពិត ចង់បានអំណាច មិនបានគិតពីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋឡើយ ឲ្យតែបានឈ្នះសុខចិត្តនៅក្រោមខ្សែញាក់បរទេស ឃុបឃិតគ្នាចង់ផ្តួលរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈធ្វើបដិវត្តន៍ពណ៌ក្នុងភាពល្ងង់ក្លៅ តែត្រូវបរាជ័យទាំងស្រុងរហូតរំលាយចោលដោយតុលាការកំពូល។
ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍជាតិដែលមានស្រាប់នេះឱ្យបានគង់វង្សនោះ លោកប្រធានក្រុមការងារចុះជួយស្រុកសង្កែ បានអំពាវនាវ ដល់សមាជិកបក្សទាំងអស់សូមទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះគ្រប់ៗគ្នា គឺបោះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការគាំទ្រសម្តេចតេជោ ហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍជាតិ និងការថែរក្សាសន្តិភាព ព្រោះសន្តិភាពនេះគឺសម្តេច ហ៊ុន សែន ជាបិតាស្ថាបនិកឡើង យកមកជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងបានកសាងនិងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ មានន័យថា ការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង៕