(ភ្នំពេញ)៖ ពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៥, មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី១៩ និងការបង្ហាញទម្រង់ម៉ូតសម្លៀកបំពាក់ ប្រពៃណីខ្មែរលើកទី១៨ និងរៀបចំឡើងរយៈពេល២ថ្ងៃ ពោលគឺ នៅថ្ងៃទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងដើម្បីរួមចំណែក យ៉ាងសកម្ម ក្នុងការខិតខំជីកកកាយ រកនូវទម្រង់អាពាហ៍ពិពាហ៍ប្លែកៗ ដែលគេកំពុងប្រារព្ធ នៅតាមតំបន់នៃបណ្ដាខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ទើតែបាត់បង់ ទៅហើយនោះ យកមកធ្វើការបង្ហាញ ដើម្បីឲ្យយុវជនខ្មែរជំនាន់ក្រោយបានឃើញ និងសិក្សាស្វែងយល់ពីទម្រង់ ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ បន្ថែមទៀត។
ការប្រកាសឲ្យដឹងជាសាធារណៈ ពីព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើង នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ (ទល់មុខរដ្ឋសភាជាតិ) ដោយមានការអញ្ជើញពីសំណាក់លោក ប៉ុក វណ្ណធីរ អនុប្រធានសមាគមអាចារ្យខ្មែរ និងទីប្រឹក្សាក្រសួងធម្មការ និងសាសនា, លោក ហ៊ឹម វិបុលផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌, អ្នកស្រី ប៊ុត កែវលក្ខណា អគ្គនាយិកាសំអាងការ នួន ស្រី និងលោកស្រី យី សុភាព អគ្គនាយិការក្រុមហ៊ុន សិរីមង្គល ព្រមទាំងតំណាងដៃគូសហការកម្មវិធី និងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកស្រី យី សុភាព អគ្គនាយិការក្រុមហ៊ុន សំអាងការ សិរីមង្គល បានថ្លែងឲ្យដឹងថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី១៩ និងការបង្ហាញទម្រង់ម៉ូតសម្លៀក បំពាក់ប្រពៃណីខ្មែរលើកទី១៨ ដែលនឹងត្រូវប្រារព្ធធ្វើឡើង នាថ្ងៃទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រខាងមុខនេះ និងដើម្បីជាការជូនដំណឹងដល់មហាជនទូទៅឲ្យបានដឹង និងចូលរួមគាំទ្រប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរយើង។
លោកស្រីបន្តថា ឆ្លងតាមបទបិសោធន៍ជាក់ស្តែង ដែលសិរីមង្គលបានរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ ចំនួន៥លើក កន្លងមកហើយនេះ សិរីមង្គលបានរួមចំណែក យ៉ាងសកម្ម ក្នុងការខិតខំជីកកកាយរក នូវទម្រង់អាពាហ៍ពិពាហ៍ប្លែកៗ ដែលគេកំពុងប្រារព្ធ នៅតាមតំបន់នៃបណ្ដាខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ទើតែបាត់បង់ ទៅហើយនោះ យកមកធ្វើការបង្ហាញ ដើម្បីឲ្យយុវជនខ្មែរជំនាន់ក្រោយបានឃើញ និងសិក្សាស្វែងយល់ពីទម្រង់ប្រពៃណី អាពាហ៍ពិពាហ៍ខ្មែរបន្ថែមទៀត។ ក្នុងនោះពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៥ មហោស្រពសិល្បៈដណ្តាំស្លម្ហូប អាហារលើកទី១៩ និងការបង្ហាញទម្រង់ម៉ូតសម្លៀកបំពាក់ ប្រពៃណីខ្មែរលើកទី១៨ នេះមានចំណុចពិសេស និងមានព្រឹត្តការណ៍ធំជាងឆ្នាំមុន។
លោកស្រីអគ្គនាយិការ បានសង្កត់ធ្ងន់ថា មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី១៩ និងការបង្ហាញទម្រង់ម៉ូត សម្លៀកបំពាក់ប្រពៃណីខ្មែរ លើកទី១៨ នេះ នឹងរួមចំណែក៖
- ផ្សព្វផ្សាយពីទំនៀមទម្លាប់ទម្រង់អាពាហ៍ពិពាហ៍ សម្លៀកបំពាក់ប្រពៃណី និងម្ហូបអាហារខ្មែរ។
- ថែរក្សា និងលើកស្ទួយវប្បធម៌ទំនៀមទម្លាប់ ទម្រង់អាពាហ៍ពិពាហ៍ សម្លៀកបំពាក់ប្រពៃណី។
- បង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។
- បង្ហាញពីការសម្តែងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។
- បង្ហាញពីម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ សម្លៀកបំពាក់ប្រពៃណីខ្មែរ និងម្ហូបអាហារ។
- បង្ហាញពីរបកគំហើញ ដល់ប្រជាពលរដ្ឋខ្មែរឲ្យមានការយល់ដឹង អំពីទម្រង់អាពាហ៍ពិពាហ៍ខ្មែរ នៅតាមបណ្តាខេត្តនានា។
សូមបញ្ជាក់ថា ទីតាំងប្រារព្ធកម្មវិធីមានទំហំ ៨៤០០ ម៉ែត្រការ៉េ និងអាចរៀបចំស្ដង់បានចំនួន ១១២ស្តង់ ដោយខុសប្លែកពីឆ្នាំមុន គឺមានតែ១០៩ស្តង់ ប៉ុណ្ណោះ ហើយមានការរំពឹងទុកថា នឹងមានអ្នកចូលរួមទស្សនា កាន់តែច្រើនជាងឆ្នាំមុនៗទៀត ពីព្រោះអ្នកចូលរួមទស្សនា មានគ្រប់វ័យទាំងអស់ អាចពីវ័យកុមារឡើងទៅ ដោយសារមានកន្លែងកំសាន្តកុមារ មានអាហារដ្ឋាន មានកន្លែងថតរូបទុកជាអនុស្សារីយ៍បែបលក្ខណៈកំសាន្ត សម្រាប់ភ្ញៀវចូលរួម៕