(ភ្នំពេញ)៖​ គិតត្រឹមមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សរុបចំនួន៣១,២៣នាក់ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ រួមទាំងចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃ បានចំនួន៣៤០,៣៧១នាក់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក លេង ផាលី បញ្ជាក់ថា គិតមកដល់ថ្ងៃទី០៦ ខែកក្កដានេះ មានរយៈពេល៦៧ខែមកហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន សែន បានព្យាបាលជូនប្រជាពលរដ្ឋនៅ១៦រាជធានីខេត្ត ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ។

ការបញ្ជាក់របស់លោក លេង ផាលី ធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណជាង២០០នាក់ ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តពោធិវង្សលើ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ដោយឥតគិតថ្លៃ​ចំនួន៥,២១១នាក់ ក្រោមអធិបតីភាព លោក សុខ សូកាន តំណាងរាស្ត្រខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង្ស, លោក ជីវ កេង សហប្រធានកិត្តិយសក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកគិរីវង្ស រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត។

លោក លេង ផាលី បានបញ្ជាក់ថា «ក្នុងរយៈពេល៦៧ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន១៥៦លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន៣៤០,៣៧១នាក់ ​ក្នុង១៦រាជធានីនិងខេត្ត»

លោកបន្ថែមថា «ការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ ក្រសួងផែនការ។ ហើយជោគជ័យទាំងអស់នេះ ក៏មានការរួមចំណែកយ៉ាងធំធេងពីក្រុមគ្រួសារគ្រូពេទ្យស្ម័គ្រចិត្តទាំង៣,១២៣នាក់ ដោយមិនខ្លាចពីការនឿយហត់ ពុះពារគ្រប់ឧបសគ្គ ដើម្បីរួមគោលបំណងមួយនោះគឺ ចង់ឃើញប្រជាពលរដ្ឋនៅកម្ពុជាទាំងអស់មានសុខភាពល្អគ្រប់ៗគ្នា»

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បង្កើតឡើងនាថ្ងៃទី២ ធ្នូ ឆ្នាំ២០១២ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើនបន្តទៀត។

ក្រៅពីនេះលោកក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលតែងគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី២០ ស្រួលក្នុងការចំណាំ ហើយមានតែបក្សមួយនេះទេ ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់ពេល មិនថាមានទុក្ខលំបាក លោកក៏បានលើកទឹកចិត្តពលរដ្ឋទាំងអស់ បន្តបោះឆ្នោតជូនបក្សប្រជាជនទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលសព្វថ្ងៃនេះ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ នាថ្ងៃទី៥ ខែកក្កដា​ ឆ្នាំ២០១៨​ យោងតាមរបាយការណ៍បានបង្ហាញថាការព្យាបាលនេះសម្រេចបាន៖ ជំងឺកុមារ២៧២នាក់, ជំងឺស្រ្តី៣៧១នាក់, ជំងឺផ្លូវចិត្ត៣៣១នាក់, ជំងឺឫសដូងបាត២០២នាក់, ជំងឺសន្លាក់ឆ្អឹង២០១នាក់, ជំងឺរលាកសួត២០៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៩៨នាក់, ជំងឺភ្នែក២២៧នាក់, ជំងឺសើរស្បែក១៩២នាក់, ជំងឺទឹកនោមផ្អែ២៧៣នាក់, ជំងឺមាត់ធ្មេញ១៩២នាក់, អេកូសាស្ត្រ២៧៣ ព្យាបាលរបួសនិងវះកាត់តូច១៥៤ និងជំងឺទូទៅ២,២១៦នាក់៕