(ប៉ៃលិន)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោកអ៉ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត និងក្រុមការងារចុះជួយឃុំសាលាក្រៅ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ សមាជិក សមាជិកាបក្សចំនួន ១៣៣៧នាក់។
សមាជិកគណបក្សមកពីភូមិចំនួន០៧ គឺភូមិវាល ភូមិទួល ភូមិភ្នំស្ពង់ ភូមិសំបូរ ភូមិភ្នំកុយ ភូមិស្រែអន្ទាក់ និងកោះកែវ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយបន្ថែមពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការដឹកនាំប្រទេសជាតិនៅអណត្តិទី៦ បន្តទៀត និងពង្រឹងការងារបក្សនៅមូលដ្ឋាន ឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកស្រី បាន ស្រីមុំ បានលើកឡើងថា បន្ទាប់ពីបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ បានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធិផលនានាជាច្រើនទៀត ដែលបម្រើឱ្យ ផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកអ៊ី ឈាន បានលើកឡើងថា បើប្រទេសជាតិបើគ្មានសុខសន្តិភាពទេ កុំថាឡើយការអភិវឌ្ឍ សូម្បីតែសិទ្ធិសេរីភាពផ្សេងៗក៏គ្មានដែរ ដូច្នេះត្រូវខិតខំរួមសាមគ្គីគ្នាថែរក្សាសមិទ្ធិផល ដែលមានសព្វថ្ងៃ ជាពិសេសខិតខំថែរក្សានូវសុខសន្តិភាពដូចសព្វថ្ងៃនេះឱ្យបាន ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ សែន ជាប្រមុខ គឺបានពង្រឹង និងធានាបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធិផលធំៗជាច្រើនទៀតជូនជាតិ និងប្រជាជន។
ជាចុងក្រោយលោក អ៊ី ឈាន ក៍បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយមានតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ មិនលំអៀង ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នានាពេលខាងមុខនេះ៕