(ព្រះវិហារ)៖ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែរប្រវែង៤១០០ម៉ែត្ររួម និងលូអណ្តូងទឹក តម្លៃជាង២ម៉ឺនដុល្លារ ស្ថិតក្នុងភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានសម្ភោធដាក់ឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកឆែប និងអជ្ញាធរស្រុកឆែបផងដែរ។

លោក មាស សុភា បានជំរាបជូនបងប្អូនប្រជាពលរដ្ឋថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិសយ័ ប្រជាពលរដ្ឋមានជីវភាពធូរធា។ លោកបន្តថា «បើទោះបីជាការអភិវឌ្ឍន៍មានការរីកដុះដាលគ្រប់ទីកន្លែងក៏ពិតមែន តែក៏នៅមិនទាន់តាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋមួយចំនួនឡើយ ដែលករណីនេះទាមទាឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបន្ថែមទៀត ស្របជាមួយគ្នានោះដែរក៏ត្រូវការការគាំទ្រនិងចូលរួមពីប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ»។

លោក មាស សុភា បានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ កាន់តែជិតចូលមកដល់ហើយ ដែលករណីនេះ លោកបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈក្នុងការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សណាដែលជួយបងប្អូនពិតប្រាកដ កុំបោះឆ្នោតឲ្យគណបក្សនយោបាយណា ដែលបានត្រឹមតែចេះសន្យាបោកប្រាស់នោះ។ លោកថា គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក គឺមិនដែលដើរសន្យានោះទេ តែសមិទ្ធិផល គឺបានកើតឡើងព្រោងព្រាតពាសពេញផ្ទៃប្រទេស ដើម្បីបំរើផលប្រយោជន៍ប្រពលរដ្ឋគ្រប់ៗរូប។

ដែលចំណុចនេះលោក មាស សុភា បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវគិតគូពិចារណាឲ្យបានច្បាស់លាស់ ពីអ្នកដែលធ្វើពិតប្រាកដ និងអ្នកដើរឃោសនាបោកប្រាស់នោះ។ លោកបន្តថា «ដើម្បីឲ្យប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តទៀត ជំរើសតែមួយគត់ គឺបងប្អូនត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសនៅអាណត្តិទី៦ បន្តទៅទៀត»