Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ចែកវិទ្យុទាក់ទង(ICOM) ដល់ប្រជាការពារឃុំចំនួន ៧២០នាក់ នៅស្រុកឱរ៉ាល់ និងផ្តាំផ្ញើរឲ្យចូលរួមសកម្មភាពភូមិឃុំមានសុវត្តិភាព

06-07-2018 15:34

(កំពង់ស្ពឺ)៖ រសៀលថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារក្នុងស្រុកឱរ៉ាល់ ដែលមានប្រជាការពារសរុបចំនួន ៧២០នាក់ ក្នុងនោះក៏បានចែកវិទ្យុទាក់ទង(ICOM) ជូនផងដែរ ។

នាឱកាសសំណេះសំណាលនេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមសហការគ្រប់សកម្មភាព របស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច។

លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។

លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា សន្តិភាពនេះ រកបានមកដោយលំបាក ក្រោមការតស៊ូប្តូផ្តាច់យកជីវត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកប្រទេសដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសជាតិ តាំងពីបាតដៃទទេរ នាំមកការរីកចម្រើនលើគ្រប់វិស័យ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។

ជាចុងក្រោយលោកអភិបាល ក៏បានអំពាវនាវដល់ប្រជាការពារទាំងអស់ សូមកុំភ្លេចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងចាប់ផ្ដល់ប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខឲ្យបានគ្រប់ៗគ្នាផងដែរ៕