(កំពង់ឆ្នាំង)៖ មន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំពិធីផ្សព្វផ្សាយក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង និងមានកាអញ្ជើញចូលរួមពី លោកមេបញ្ជាការរង ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលមានកម្លាំងចូលរួមសរុប១៧៥នាក់។
លោកឧត្តមសេនីយ៍ទោ ធន ធឿន បានស្នើសូមឲ្យកម្លាំងទាហានទាំងអស់ត្រៀម និងក្ដាប់សភាពការណ៍ ឲ្យបាននិងការពារដាច់ខាតនូវល្បិចកល ក្រុមបដិវត្តន៍ពណ៌ ដែលធ្វើឲ្យមានភាពអសន្តិសុខ បង្កឲ្យមានការប៉ះពាល់ដល់ការបោះឆ្នោត នៅថ្ងៃខាងមុខនេះ។
លោកបន្តថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន កំពុងតែដើរខុសនឹងតួនាទីរបស់ខ្លួន ហើយប្រសិនបើស៊ើបឃើញច្បាស់ជាក់ស្ដែង ទៅបុគ្គលណាដែលកំពុងបំផុសព័ត៌មាន ដែលធ្វើឲ្យមានចលនាអសន្តិសុខសង្គម គឺសូមឲ្យកម្លាំងសហការជាមួយ សមត្ថកិច្ចអាជ្ញាធរ ចាប់ផ្តន្ទាទោស ទៅតាមផ្លូវច្បាប់តែម្ដង។
ទន្ទឹមនឹងនេះ លោកក៏បានលើកឡើង កាលដែលប្រទេសមានសង្គា្រម តើក្រុមបដិវត្តន៍ពណ៌ទាំងអស់នោះ នៅឯណា? លោកថា កងទ័ពមួយចំនួនបានឆ្លងកាត់ហើយ សង្គា្រមនាំមកនូវការព្រាត់ប្រាស់ប្រពន្ធកូន ក្រុមគ្រួសារ រហូតដល់ខ្លះពលីជីវិត ខ្លះពិការដាច់ដៃ ដាច់ជើងធ្វើឲ្យមានវិប្បដិសារី ដែលមិនអាចបំភ្លេចបានឡើយ។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានលើកទឹកចិត្ត និងពង្រឹងដល់យោធា ដែលជានាយ នាយទាហានរង ត្រូវតែគោរពគោលការណ៍ គ.ជ.ប និងសហការណ៍ ការពារឲ្យខានតែបាននៅថ្ងៃបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕