(តាកែវ)៖ លោក ពេជ សោភ័ន សហប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស បានធ្វើការអំពាវនាវដល់សមាជិកគណបក្សប្រជាជនទាំងអស់ មិនត្រូវចាញ់ឧបាយកលសង្រ្គាមចិត្តសាស្រ្ត ដែលក្រុមប្រឆាំងជ្រុលនិយម បានប្រើប្រាស់នៅមុនដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចូលមកដល់នោះទេ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ សមាជិកគណបក្ស ជាង៤រយនាក់នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ពេជ សោភ័ន បានថ្លែងថា ខណៈពេលដែលដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោតកាន់តែខិតជិតមកដល់ ក្រុមពួកប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋកុំចេញទៅបោះឆ្នោត ហើយដោយដឹងថា ល្បិចកលនេះ មិនអាចសម្រេចតាមបំណងរបស់ក្រុមខ្លួនបាននោះ ឥលូវនេះពួកគេបានប្រើប្រាស់វិធីបោកបញ្ឆោតថា បើប្រជាពលរដ្ឋណាដែលទៅបោះឆ្នោតហើយ យកដៃទៅជ្រលក់ទឹកថ្នាំខ្មៅ នឹងត្រូវស្លាប់ជាមិនខាន។
លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ ពួកអ្នកនយោបាយប្រឆាំងខុសច្បាប់ទាំងអស់នោះ ក៏បានធ្វើការអះអាងដោយគ្មានទឡ្ហីករណ៍អ្វីទាំងអស់ថា រដ្ឋាភិបាលនឹងជួបវិបត្តិសេដ្ឋកិច្ច នៅក្រោយការបោះឆ្នោត ព្រោះគ្មានអ្នកវិនិយោគចូលមកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាតទៅទៀតនោះទេ។
លោកពេជ សោភ័ន បានសង្កត់ធ្ងន់ថា «នេះគឺជាសង្រ្គាមចិត្តសាស្រ្តថ្មីមួយ របស់ក្រុមអ្នកប្រឆាំងជ្រុលនិយម ដែលមានគោលបំណងបំផ្លាញដល់ការបោះឆ្នោត នៅពេលខាងមុខ ជាពិសេសបំផ្លាញដល់ដំណើរការលទ្ធិប្រជាធិតេយ្យនៅកម្ពុជា និងភាពសុខសាសាន្ត របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ដូច្នេះសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ មិនត្រូវចាញ់ឧបាយកលសង្រ្គាមចិត្តសាស្រ្តនេះទេ»។
លោកបានធ្វើការពន្យល់ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើសន្និសីទកាសែត ហើយក៏នឹងមានការជ្រលក់ទឹកថ្នាំសាកល្បង ដើម្បីបង្ហាញឲ្យសាធារណៈបានឃើញផងដែរ។ នេះជាការបង្ហាញឲ្យឃើញថា គំនិតខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម ត្រូវបកអាក្រាត និងទទួលបរាជ័យទៀតហើយ។
បើតាមមន្ត្រីបក្សប្រជាជនរូបនេះ ប្រជាពលរដ្ឋទូទាំងប្រទេស នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសតទៅទៀត ហើយក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេសដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំ កម្ពុជានៅពេលខាងមុខ នឹងមានសន្ទុះសេដ្ឋកិច្ចកាន់តែខ្លាំងក្លាជាងមុន ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យជាពិសេសអាត្រាភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា កាន់តែត្រូវបានកាត់បន្ថយឲ្យ មកនៅកាន់តែទាបជាក់ជាពុំខាន៕