(រតនគិរី)៖ ទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តរតនគិរី បានប្រាប់ដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងបាក់ឌុបថា ពេលប្រឡងជាប់ ត្រូវជ្រើសរើសមុខវិជ្ជាសិក្សាណា ដែលកំពុងមានតម្រូវការទីផ្សារការងារខ្ពស់ ដើម្បីងាយនឹងទទួលបានការងារល្អចំជំនាញ។ 

​ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ បែបនេះ គឺបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ក្នុងខេត្តរតនគិរី នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការដែលសិស្សានុសិស្សជ្រើសរើសមុខវិជ្ជាសិក្សា ចំគោលដៅនូវអ្វីដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់នោះ ធ្វើឲ្យសិស្សានុសិស្ស សិក្សាទៅចំណេញពេលវេលាសិក្សា និងចំណេញថវិកាក្នុងការសិក្សា រួមទាំងឆាប់ទទួលបាននូវការងារដែលខ្លួនពេញចិត្ត និងចំជំនាញដែលខ្លួនចេះ រួមទាំងទទួលបាននូវប្រាក់ខែខ្ពស់ទៀតផង។

ជាមួយគ្នានោះដែរ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរីរូបនេះ ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ក្នុងខេត្ត សូមឲ្យបន្តខិតខំសិក្សារៀនសូត្រ បន្ថែមនូវមុខវិជ្ជាភាសាបរទេសជាពិសេស គឺអក្សរសាស្រ្តអង់គ្លេស ក្រៅពីសិក្សាភាសាខ្មែរ ដើម្បីជាស្ពានចម្លងក្នុងការប្រាស្រ័យទាក់ទង ទៅកាន់អន្តរជាតិ ទាំងការសិក្សា និងការងារ។

បន្ថែមពីនេះ លោកក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននឹងកំពុងបន្តខិតខំខ្លាំងណាស់ ដើម្បីកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែងក្នុង១ឆ្នាំៗ សម្តេចបានផ្តល់អាហារូបករណ៍សិក្សាទាំងក្រៅ និងក្នុងប្រទេស ដើម្បីផ្តល់ឱកាសដល់សិស្សពូកែ ក៏ដូចជាសិស្សានុសិស្សមួយចំនួន ដែលមានការខ្វះខាតថវិកាក្នុងការបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា៕