(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៨នេះ បានចុះឆែកឆេរចំណីអាហារ និងបន្លែរផ្លែឈឺជាង៥០មុខ នៅផ្សារបឹងកេងកង ដើម្បីបន្តស្វែងរកសារធាតុគីមី ហាមឃាត់ ប៉ុន្តែក្នុងប្រតិបត្តិការនេះពុំរកឃើញនូវសារធាតុហាមឃាត់អ្វីនោះឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារនោះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រោមការបញ្ជាពីប្រធានប្រតិភូ កាំកុងត្រូល និងលោកប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ក្រុមការងាររបស់លោក បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារបឹងកេងកង ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវ ទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារបានធ្វើតេស្តបមឋនិងយកគំរូចំនួនជាង៥០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជាសរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រកបាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗ បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់។
ជាពិសេសទប់ស្កាត់នៅផលិតផលអាហាររបស់ក្រុមហ៊ុន Kellogg company នៅសហរដ្ឋអាមេរិកដោយសារអាហារ Kellogg Honey smacks នេះមានចំលង បាក់តេរី salmonella ដែលបណ្តាលឲ្យមានជំងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន។ល។ ស្រ្តីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់ គឺជាជនងាយរងគ្រោះយើងបានធ្វើការផ្សព្វផ្សាយ ណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពីបញ្ហានេះ។ ប៉ុន្តែក្នុងប្រតិបត្តិការចុះឆែកឆេរនេះ ក្រុមការងាររបស់លោក មិនបានរកឃើញនូវសារ ធាតុហាមឃាត់នោះទេ ដោយលោកអះអាងថាទាំងបងប្អូនអាជីវករ និងកសិករពួកគេយល់ដឹង ច្រើនជាងមុនទាក់ទងនិងសារធាតុហាមឃាត់នេះ។
យ៉ាងណាក៏ដោយ លោក គង់ វុទ្ធី នៅតែបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕