(ព្រះវិហា)៖ សមាជិក សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន១៦១នាក់ ដែលមានការចូលរួមពីសមាជិកអតីតគណបក្សប្រឆាំង នៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចូល ជាសមាជិកពេញសិទ្ធិ​​ជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក យិន ចំណាន ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកគូលែន រួមជាមួយអនុប្រធានក្រុមការងារ ប្រធាន អនុប្រធានគនបក្សស្រុក ជាច្រើនរូបទៀត។

​លោក យិន ចំណាន បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅតែបន្ដរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ហើយប្រសិនបើគណបក្សប្រជាជនកម្ពុជា ហ៊ានសន្យាហើយនោះ គឺត្រូវតែហ៊ានធ្វើ មិនមែនដូចបក្សដ៏ទៃសន្យាខ្យល់ បោកប្រាស់អ្នកគាំទ្រនោះទេ។

មន្ត្រីជាន់ខ្ពស់គណបក្សរូបនេះ បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបន្ដឲ្យប្រទេសកម្ពុជា មានសុខសន្ដិភាព ស្ថិរភាពនយោបាយ ពិសេសបន្ដការអភិវឌ្ឍជារៀងរហូត គ្រប់ទីកន្លែង។ លោកថា មានសម្តេចតេជោ ហ៊ុន សែន គឺប្រទេសមានសន្តិភាព និងការអភិវឌ្ឍ។

សមាជិកថ្មីទាំង១៦១នាក់ ដែលបានប្រកាសចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺជាឆន្ទៈពិតប្រាកដរបស់ពួកគាត់ ដោយមិនមានការបង្ខិតបង្ខំ ឬមានការគំរាមកំហែង ក៏ដូចជាការផ្តល់នូវ លាភសក្ការនោះទេ តែផ្ទុយទៅវិញ ​ដោយមើលឃើញ និង​ជឿទុកចិត្ត​មកលើគណបក្សប្រជាជនកម្ពុជា ជាពិសេស​ប្រជាពលរដ្ឋមាន ការជឿជាក់លើសម្តេចតេជោ ​ហ៊ុន សែន ដែលជាប្រធានគណបក្ស ដែលបានដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ចាប់តាំងពីអាណត្តិទី១ រហូតអាណត្តិទី៥ មានការអភិវឌ្ឍ រីកចម្រើន ប្រទេសជាតិទទួលបានសុខសន្តិភាព។

បន្ថែមពីនេះ លោកយិន ចំណាន បានគូសបញ្ជាក់ថា ការចូលជាសមាជិកថ្មី របស់​ប្រជាពលរដ្ឋទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលអាចឈានទៅរកភាពជោគជ័យ យ៉ាងលើសលប់នៅថ្ងៃបោះឆ្នោតខាងមុខ ពីព្រោះថាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ម្នាក់ៗគឺជាសម្លេងឆ្នោតមួយសម្លេង នៃសន្លឹកឆ្នោតដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោក យិន ចំណាន ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នាថ្ងៃទី​២៩ ខែកក្កដា ដើម្បីគាំទ្រគណបក្សប្រជាជន ដឹកនាំប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត៕