(កំពង់ធំ)៖ លោក យិន ងូនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមតំណាងលោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកបានណែនាំដល់ក្រុមការងារគណបក្សរៀបចំមធ្យោបាយឲ្យបានរួចជាស្រេច ដើម្បីត្រៀមក្នុងការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ។
លោកអនុរដ្ឋលេខាធិការបានអំពាវនាវដូច្នេះនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមបក្ស និងសាខាបក្សនៅឃុំអណ្តូវពោធិ៍ ស្រុកបារាយណ៍ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។
លោកបានរម្លឹកឡើងវិញអំពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ មានរដ្ឋធម្មនុញ្ញាតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ មានស្ថិរភាពនយោបាយ ដែលនាំមកនូវការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។
លោកក៏បានបង្ហាញនូវអត្ថន័យនៃលេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជាផងដែរថា លេខ២០ គឺជាការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលមានរយៈពេល២០ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៨នេះ។
លោកបានប្រាប់ប្រជាពលរដ្ឋថា នេះជាភ័ព្វសំណាង និងជាចំណុចល្អពិសេសមួយដែលគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលស្របនឹងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។
លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា កម្ពុជាជាប្រទេសប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងជាប្រទេសប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះហើយបានជាប្រទេសជាច្រើនលើសកលលោកដែលស្រលាញ់ និងប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងសន្តិភាព បានគាំទ្រចំពោះដំណើរការអនុវត្តលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។
លោកថាចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ សំដៅសម្រេចឲ្យបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព។
លោកអនុរដ្ឋលេខាធិការ ក៏បានរម្លឹកកុំឲ្យពលរដ្ឋចូលរួមជាមួយចលនា «ដេកផ្ទះឈ្នះឯង» តាមការអំពាវនាវ របស់ក្រុមប្រឆាំងឲ្យសោះ ព្រោះការអំពាវនាវនេះជាសកម្មភាពខុសច្បាប់។
លោកបានក្រើនរម្លឹកដល់ក្រុមបក្សទាំងអស់ត្រូវពង្រឹងស្មារតី ថែរក្សាសន្តិភាពឲ្យបានទោះតម្លៃណាក៏ដោយ ព្រោះមានតែសុខសន្តិភាពប៉ុណ្ណោះ ទើបធ្វើឲ្យការ រស់នៅរបស់ប្រជាពលរដ្ឋបានសេចក្តីសុខសប្បាយ មានជីវភាពធូរធា រួមទាំងការអភិវឌ្ឍប្រទេសផងដែរ ប៉ុន្តែដើម្បីរក្សាបាននូវសុខសន្តិភាពនោះ គឺយើងត្រូវនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបានសម្តេច ហ៊ុន សែន ដឹកនាំប្រទេសបន្តទៀត៕