(កំពត)៖ លោក អ៊ុង សំខាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកដងទង់ បានចាត់ទុកថា បងប្អូនប្រជាការពារ គឺជាកម្លាំងមិនអាចខ្វះបាន ក្នុងការថែរក្សាការពារ សន្តិសុខ សណ្តាប់បង្ការទប់ស្កាត់នូវរាល់ នូវរាល់បទល្មើស និងផ្តល់ភាពសុខសាន្ត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាការពារ១០ឃុំ ស្មើនឹង៥៤ភូមិចំនួន៥០០នាក់ ក្នុងស្រុកដងទង់ ខេត្តកំពត ដែលធ្វើឡើងនៅសប្តាហ៍នេះ។
លោក អ៊ុង សំខាន់ បានថ្លែងថា សន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះជាយ៉ាងនេះក៏ដោយ បញ្ហាដែលត្រូវយកចិត្តទុកដាក់ជាប្រចាំនៅមូលដ្ឋាននោះ គឺគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធានាសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ។
លោកបានថ្លែងទៀតថា ប្រជាការពារគឺជាកម្លាំងដែលរស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ឆាប់ទទួលបានព័ត៌មានសំខាន់ៗ និងទាន់ហេតុការណ៍ភ្លាមៗ ពីគ្រប់មូលដ្ឋាន ដោយកត្តានេះហើយ បានជាលោក បាន ចាត់ទុកបងប្អូនប្រជាការពារ ជាមហាគ្រួសារតែមួយ រស់នៅក្រោមដំបូលតែមួយ ដើម្បីបានស្គាល់គ្នា ជួយគ្នាទៅវិញទៅមក ក្នុងគ្រាជួបការលំបាក់ផ្សេងៗ។
ក្នុងនាមមហាមេគ្រួសារប្រជាការពារ សូមឲ្យបងប្អូនបន្តការខិតខំប្រឹងប្រែង សម្របសម្រួល ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ នៅក្នុងដែនសមត្ថកិច្ច មិនត្រូវធ្វើអ្វីបង្កការថ្នាំងថ្នាក់ បង្កការលំបាក គៀបសង្កត់មកលើពួកគាត់ តាមរូបភាពណាមួយនោះឡើយ ត្រូវចាត់ទុកពលរដ្ឋដូចជាឳពុក ជាម្តាយ ជាបង ជាប្អូន ក្នុងមហាគ្រួសារតែមួយ និងត្រូវចេះរួមរស់នៅក្រោមដំបូលសុខសន្តិភាពតែមួយ។
នៅក្នុងឱកាសនោះ លោកប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់លើខ្លឹមសារចំនួន៣ គឺការងារប្រជាការពារ, ការងារបោះឆ្នោតសកលអណត្តិទី៦ និងការងារប្រកាសក្រុមការងារថ្នាក់ជាតិចុះជួយស្រុកដងទង់ចំនួន១២៣នាក់។
សម្រាប់ក្នុងឱកាសសំណេះសំណាលនេះ លោក អ៊ុង សំខាន់ ក៏បានកាត់សម្លៀកបំពាក់ចែកជូនបងប្អូនប្រជាការពារចំនួន៤៥៨កំប្លេរចំណែក៤២នាក់ នៅឃុំល្អាង, ព្រះអង្គអនុគណស្រុកដងទង់ជាអ្នកឧបត្ថម្ភ ហើយលោកបានជូនថវិកាម្នាក់ៗ១ម៉ឺនរៀលផងដែរ៕