(ភ្នំពេញ)៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន គឺជាបណ្តាញតភ្ជាប់ដ៏សំខាន់ ដែលមិនត្រឹមតែជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ តែក៏បានចូលរួមចំណែកបម្រើដល់ការដឹកជញ្ជូនទំនិញ ដើម្បីជាចំណែកទាក់ទាញអ្នកវិនិយោគផងដែរ។ ដោយមើលឃើញពីគុណប្រយោជន៍ និងសារៈសំខាន់នៃបណ្តាញផ្លូវ និងស្ពាននេះហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកការធ្វើផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា ជាគោលនយោបាយអទិភាពមួយក្នុងចំណោមគោលនយោបាយអទិភាពទាំង៤ «ធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង»។

ដោយឈរលើគោលនយោបាយយកការកសាងផ្លូវជាអាទិភាពនេះ បណ្តាញផ្លូវ និងស្ពានត្រូវបានសាងសង់ឡើងយ៉ាងប្រទាក់ក្រឡាគ្នាពីខេត្តមួយទៅខេត្តមួយទៀត ហើយស្ពានធំសាង់សង់ឆ្លងកាត់ទន្លេមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តក៏ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ផងដែរ។ ស្ពានឆ្លងកាត់ទន្លេ ដែលត្រូវបានសាងសង់ក្នុងដំណាក់កាលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាមកពីគណបក្សប្រជាជនកម្ពុជាមានដូច ស្ពានត្សឹបាសា, ស្ពានស្ទឹងត្រែង, ស្ពានគីហ្សូណា, ស្ពានព្រែកតាមាក់, ស្ពានសេកុង (ស្ពានមិត្តភាពកម្ពុជា-ចិន), ស្ពានព្រែកព្នៅ, ស្ពានព្រែកក្តាម, ស្ពានតាខ្មៅ (ស្ពានព្រែកសំរោង), ស្ពានជ្រោយចង្វាទី២, ស្ពានព្រះមុនីវង្សថ្មី, ស្ពានកោះធំ។

តាមរយៈវត្តមានផ្លូវ និងស្ពានដែលសាងសង់ឡើងជាបន្តបន្ទាប់យ៉ាងប្រទាក់ក្រឡាគ្នានេះ ធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នកាន់តែងាយស្រួល ហើយការដឹកជញ្ជូនទំនិញទៀតសោតក៏កាន់តែមានជម្រើសច្រើននាំឲ្យអ្នកវិនិយោគកាត់បន្ថយការចំណាយបានកាន់ច្រើនលើការដឹកជញ្ជូនរបស់ពួកគេ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយកំពុងបានសាងភាពលេចធ្លោរក្នុងការងាររបស់ខ្លួននោះ បានគូសបញ្ជាក់ថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លុវ និងស្ពាននេះ ដើរតួនាទីសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចជាតិ ដែលប្រៀបដូចជាសរសៃឈាមក្នុងខ្លួនមនុស្សយ៉ាងដូច្នោះដែរ។

«ខ្ញុំថា ផ្លូវ ស្ពាន ដូចសរសៃឈាមអ៊ីចឹង បើអត់មានសរសៃឈាមយើងមិនអាចរស់បានទេ។ បើគ្មានផ្លូវល្អ គ្មានស្ពាន គ្មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ យើងមិនអាចទាក់ទាញអ្នកវិនិយោគឲ្យគេមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាយើង ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ។ បើគ្មានផ្លូវល្អ ស្ពានល្អ ក៏យើងមិនអាចទាក់ទាញអ្នកទេសចររាប់លាននាក់មកលេងនៅកម្ពុជាយើងដែរ។ បើគ្មានផ្លូវល្អ ស្ពានល្អ ក៏ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរលំបាក ចំណាយពេលវេលាច្រើន ចំណាយថវិកាច្រើនទៀត ហើយយើងមិនអាចធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេសជាតិយើងទាំងមូលបានទេ។ ដូច្នេះសព្វថ្ងៃនេះចង់ធ្វើដំណើរទូទាំងប្រទេសយើងទាំងអស់គ្មាបញ្ហាទេ យើងមានផ្លូវកៅស៊ូទាំងអស់ ដោយមិនបាច់ថយក្រោយទេ ទៅមួយជុំតែម្តង ទៅភ្នំពេញ យើងទៅកំពង់ចាម យើងចង់ទៅក្រចេះ យើងទៅមណ្ឌលគិរី យើងទៅរតនគិរី មកស្ទឹងត្រែង ទៅព្រះវិហារ ចុះមកកំពង់ធំ ទៅសៀមរាបក៏បាន ចង់ឡើងទៅអូរស្មាច់ ប៉ោយប៉ែត ទៅកូនដំរី ទៅសំពៅលូន ភ្នំព្រឹក ទៅម៉ាឡៃ ទៅប៉ៃលិន ទៅពោធិ៍សាត់ ត្រឡប់ទៅថ្មដា គឺមានទាំងអស់»

លោកបន្តថា «សំខាន់ណាស់ផ្លូវថ្នល់នេះ ដូចយើងនិយាយថា មានផ្លូវ មានសង្ឃឹម ចិននិយាយថា បើចង់មាន ធ្វើផ្លូវសិន។ អ៊ីចឹងអាទិភាពសំខាន់ណាស់ក្នុងការកសាងផ្លូវថ្នល់របស់យើង»

វត្តមានផ្លូវ និងស្ពាននៅកម្ពុជានេះ ភាគច្រើនបំផុតរាជរដ្ឋាភិបាលកម្ពុជា បានខ្ចីលុយពីបរទេសមកសាងសង់ ក្នុងនោះប្រទេសចិនបានផ្តល់ប្រាក់កម្ចីច្រើនជាងគេសម្រាប់ការសាងសង់នេះ ដែលមានចំនួនរហូតដល់ប្រមាណ ២,៥៥៣លានដុល្លារអាមេរិក។

បើទោះបីប្រាក់កម្ចីទាំងនេះ យកមកសាងសង់ផ្លូវ និងស្ពានបម្រើជាប្រយោជន៍របស់ជាតិ​ និងប្រជាពលរដ្ឋយ៉ាងណាក្តី តែក៏នៅតែមានប្រជាពលរដ្ឋខ្មែរមួយចំនួនតែងមានប្រតិកម្មអវិជ្ជមានរាល់ពេលឮថា រាជរដ្ឋាភិបាលខ្ចីលុយបរទេសមកកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធម្តង។

តបទៅនឹងប្រតិកម្មបែបអវិជ្ជមានលើប្រាក់កម្ចីរបស់បរទេសនេះ មានសំណួរមួយបានចោទសួរឡើងថា បើប្រៀបធៀបរវាងការខ្ចីលុយបរទេសមកសាងសង់ផ្លូវបម្រើជាប្រយោជន៍ជាតិ និងប្រជាជន ជាមួយការមិនខ្ចីលុយពីប្រទេសមកសាងសង់ផ្លូវ ហើយទុកឲ្យកម្ពុជានៅតែខ្វះប្រព័ន្ធដឹកជញ្ជូនផ្លូវ និងស្ពាននេះ តើមួយណាមានផលចំណេញជាង?

ឆ្លើយតបសំណួរនេះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បើការខ្ចីលុយនេះយកមកឲ្យមន្រ្តីទិញរថយន្តជិះផ្ទាល់ខ្លួននោះជាការខុសឆ្គង តែការខ្ចីលុយមកសាងសង់ផ្លូវមិនមែនជាការខុសឆ្គងនោះឡើយ ផ្ទុយទៅវិញវាបាននាំមកនូវប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ទៀតថា លើលោកនេះគ្មានប្រទេសណា​ ដែលមិនខ្ចីលុយគេ ដើម្បីជំរុញការអភិវឌ្ឍជាតិនោះឡើយ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «គ្មានប្រទេសណាមួយក្នុងពិភពលោក អត់ខ្ចីលុយគេ អត់ជំពាក់លុយគេទេ អត់មានទេ។ មានតែមួយគត់ គឺប្រទេសព្រុយណេអត់មានខ្ចីលុយនរណាគេទេ។ យើងខ្ចីលុយនេះ បើយើងខ្ចីលុយទិញឡានជិះ មកហឺហារអាហ្នឹងអត់ត្រូវទេ ប៉ុន្តែខ្ចីលុយនេះ ដើម្បីមកសាងសង់ផ្លូវ ដើម្បីយើងមានឱកាសទាក់ទាញអ្នកវិនិយោគ ទាក់ទាញភ្ញៀវទេសចរ អ៊ីចឹងផលបានមកវិញច្រើនណាស់ ច្រើនលើសលុប។ អ៊ីចឹងមុនសាងសង់ផ្លូវនីមួយៗ មុនយើងខ្ចីលុយគេ យើងសិក្សាណាស់ តើផ្លូវនេះចំណេញ ឬខាត នៅពេលយើងសាងសង់? អ៊ីចឹងផ្លូវទាំងអស់ អត្រាផ្តល់មកវិញអត្រាចំណេញច្រើន ទើបយើងសាងសង់ផ្លូវនោះ។ បើយើងចេះតែសាងសង់ផ្លូវ ហើយផ្លូវនោះអត់មានប្រសិទ្ធភាពក្នុងការដឹកជញ្ជូន តើយើងសាងសង់ធ្វើអ្វី? អ៊ីចឹងយើងមានគោលនយោបាយច្បាស់ណាស់ សាងសង់ផ្លូវណាមុន ផ្លូវណាក្រោយតាមផលចំណេញខាងសេដ្ឋកិច្ច។ សំខាន់ណាស់ បើគ្មានផ្លូវថ្នល់ គ្មានស្ពាន គឺមិនអាចកសាងប្រទេសជាតិបានទេ អ៊ីចឹងជាកត្តាដ៏សំខាន់បំផុតក្នុងការកសាងផ្លូវ»

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ការខ្ចីនេះ ក៏រាជរដ្ឋាភិបាលបានថ្លឹងថ្លែងជាមួយប្រាក់ចំណូលជាតិផងដែរ មិនមែនចេះតែខ្ចីៗគ្មានលទ្ធភាពសងនាំឲ្យវ័ន្តកនោះឡើយ។

«រាជរដ្ឋាភិបាលយើងមិនមែនចេះតែខ្ចីៗទេ គេមានក្បួនខ្នាតគេ។ សូមជម្រាបថា ក្បួនខ្នាតគេអនុញ្ញាតឲ្យប្រទេសនីមួយៗជាធម្មតា គេឲ្យខ្ចីប្រហែលជា ៤០ភាគរយ នៃចំណូលជាតិសរុប។ សព្វថ្ងៃកម្ពុជាយើងខ្ចីតិចជាង ៣០ភាគរយផង អ៊ីចឹងយើងនៅមានឱកាសច្រើន ដើម្បីខ្ចីគេថែមទៀត ប៉ុន្តែរាជរដ្ឋាភិបាលយើងមិនចេះតែខ្ចីផ្តេសផ្តាស់ទេ ខ្ចីធ្វើអ្វីមួយឲ្យមានប្រសិទ្ធភាពមកវិញ មិនឲ្យវ័ន្តកទេ»។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់។

ជារួមមកលោក ស៊ុន ចាន់ថុល បានអះអាងថា ការដែលកម្ពុជាខ្ចីលុយបរទេសមកសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននេះ គឺមានផលចំណេញច្រើនសម្រាប់ប្រទេសជាតិ បើយើងធៀបជាមួយការដែលយើងមិនខ្ចីលុយគេមកសាងសង់ផ្លូវ ហើយនៅតែទុកឲ្យប្រទេសជាតិខ្វះខាតផ្លូវសម្រាប់ការធ្វើដំណើរនោះ៕