(កំពង់ស្ពឺ)៖ ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន និងឡសម្ងួតស្រូវចំនួន១,៥០០តោន ក្នុងមួយថ្ងៃដែលធំជាងគេ នៅក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមគម្រោងវិនិយោគពិសេស ក្នុងទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុន Khmer Food តាមរបៀប «សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង» (B.O.P) ក្នុងតម្លៃសរុបចំនួន៥លានដុល្លារអាមេរិក ត្រូវបានដាក់ឲ្យដំណើរការ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោកឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុន Khmer Food បានលើកឡើងថា គំរោងពង្រីកឃ្លាំងស្ដុកស្រូវ និងឡសំងួត របស់រាជរដ្ឋាភិបាលតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ ដែលផ្ដល់កម្ចីទៅឲ្យក្រុមហ៊ុនឯកជន ដែលមានបទពិសោធន៍ល្អ និងមានទីផ្សារសម្រាប់អង្ករ គឺពិតជាយន្ដការល្អណាស់ ដោយហេតុថា៖ ១៖ ពេលយើងមានឃ្លាំងស្ដុកស្រួវ និងឡសំងួតស្រូវ យើងអាចស្ដុបស្រូវស្ងួតបានពេញមួយឆ្នាំ ហើយអាចធ្វើកិនយក មកប្រើប្រាស់ទៅតាមតំរូវការទីផ្សារ ដោយរក្សាបាននៅគុណភាពអង្ករដូចគ្នាគ្រប់រដូវកាល។ ២៖ គុណភាពអង្ករក្រោយការកែច្នៃ និងល្អប្រសើរជាងមុន ដោយសារតែការសំងួត និងការរក្សាទុកស្របតាម ស្ដង់ដាគុណភាព ជាហេតុនាំឲ្យតម្លៃអង្ករកើនឡើង និង ៣៖ ជាពិសេសកសិករ មិនចាំបាច់បារម្មណ៍ពីការកកស្ទះ ឡសំងួតស្រូវខ្លាំងដូចមុន។
លោក កៅ ថាច បានជម្រាបជូនបងប្អូនសហគមន៍ថា ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវខ្នាតធំនេះ ជាសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋ សម្រាប់តំបន់ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល បន្ទាប់ពីសមិទ្ធិផលឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវនៅខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តព្រៃវែង។
លោក កៅ ថាច បានធ្វើការរំលឹកជូនបងប្អូនប្រជាពលរដ្ឋថា កន្លងមកដោយមើលឃើញ ពីបញ្ហាតំលៃស្រូវនៅលើទីផ្សារមានការធ្លាក់ចុះថ្លៃ ដោយមិនសមហេតុផល ជាពិសេសកាលពីឆ្នាំ២០១៦ នៅពេលនោះរាជរដ្ឋាភិបាល បានធ្វើការគិតគូយ៉ាងខ្លាំង ដើម្បីរកដំណោះស្រាយបន្ទាន់ធ្វើយ៉ាងណាឲ្យតំលៃស្រូវ មានស្ថេរភាពឡើងវិញ។ ភ្លាមៗ ប្រមុខរាជរដ្ឋាភិបាល បានទំលាក់កញ្ចប់ឥណទានពិសេស បន្ទាន់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទំលាក់ជូនដល់បណ្តារោងម៉ាស៊ីនទាំងឡាយណា ដែលមានតម្រូវការឥណទាន ក្នុងការប្រមូលទិញស្រូវ ក្នុងតំលៃទីផ្សារ។
លោកអគ្គនាយកបន្តទៀតថា ជាដំណោះស្រាយយូរអង្វែង រាជរដ្ឋាភិបាល បានទំលាក់នូវឥណទានពិសេសបន្ថែម មកធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាប្រតិបត្តិករអនុវត្ត គម្រោងផ្តល់ឥណទានជូនក្រុមហ៊ុនឯកជន ធ្វើការសាងសង់ ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ។ ក្នុងនោះ មានតំបន់ខេត្តបាត់ដំបង មានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣,០០០តោន ក្នុងមួយថ្ងៃ និងនៅ៣តំបន់ផ្សេងទៀត ខេត្តកំពង់ធំ តាកែវ និងព្រៃវែង ហើយតំបន់នីមួយៗ មានសមត្ថភាពស្តុកស្រូវចំនួន៥ម៉ឺនតោន និងឡសំងួតស្រូវ ចំនួន១,៥០០តោនក្នុងមួយថ្ងៃ។
បន្ទាប់ពីយន្តការនេះ បានដាក់ចេញមកតំលៃស្រូវ របស់បងប្អូនប្រជាពលរដ្ឋមានតំលៃឡើងវិញពីចន្លោះ១,១៥០រៀល ទៅ១,២០០រៀល ក្នុងមួយគីឡូក្រាម ក្នុងពេលបច្ចុប្បន្ននេះ។
លោកបន្តទៀតថា រាជរដ្ឋាភិបាល បានធ្វើការគិតគូរបន្ថែម អំពីការគិតកាត់បន្ថយថ្លៃ ផលិតស្រូវរបស់បងប្អូនប្រជាកសិករ តាមរយៈគម្រោងបង្កើនផលិតភាពផលិតកម្មកសិកម្ម គឺរាជរដ្ឋាភិបាលជួយឧបត្ថម្ភ ធនលើតម្លៃពូជស្រូវ សម្រាប់ បងប្អូនប្រជាកសិករប្រមាណ១,០០០រៀល ក្នុង១គីឡូ មានន័យថា ប្រសិនអ្នកផលិតពូជស្រូវ លក់ក្នុងតម្លៃ៣,០០០រៀល ក្នុង១គីឡូ គឺរាជរដ្ឋាភិបាល ជួយចេញថ្លៃ១,០០០រៀល ហើយកសិករចេញតែ ២,០០០ រៀលតែប៉ុណ្ណោះ។
ដោយឡែក បន្ថែមពីលើឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវខ្នាតធំ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្ថែមលើការរក្សាសុវត្ថិភាពថ្លៃស្រូវ សម្រាប់រយៈពេលវែង ដោយក្នុងនោះ ការកាត់បន្ថយថ្លៃដើមផលិត តំលៃដឹកជញ្ជូន របស់កសិករមកកាន់ទីផ្សារផងដែរ ការសិក្សាអំពីការត៏ភ្ជាប់ផ្លូវ ដឹកជញ្ជូនកសិផលផងដែរ។
ជាក់ស្តែងផ្លូវ នៅក្នុងតំបន់មួយចំនួន កំពុងស្ថិតនៅក្នុងគម្រោងសិក្សា ជួសជុល ធ្វើថ្មី កែលម្អឡើងវិញ ដើម្បីធ្វើការត៏ភ្ជាប់តំបន់ផលិត មកទីផ្សារ និងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន របស់បងប្អូនប្រជាកសិករ ហើយការសិក្សាទំលាក់តំលៃជី ពូជ ថ្នាំ ក៏ត្រូវបានគិតគូរផងដែរ។
លោក កៅ ថាច បានស្នើសុំឲ្យបងប្អូនប្រជាកសិករពិចារណា ងាកមកផលិតស្រូវដែលមានតំលៃលើទីផ្សារ និងមានតម្រូវការច្រើនសម្រាប់ការនាំចេញ។
លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថា វិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការគិតគូរយ៉ាងខ្លាំង ក្នុងនោះគ្មានគោលការណាមួយ ឲ្យយកពន្ធពីប្រជាពលរដ្ឋលើដីផលិតកសិកម្ម របស់បងប្អូនប្រជាកសិករឡើយ ផ្ទុយទៅវិញរាជរដ្ឋាភិបាល បានដាក់ចេញជាគោលនយោបាយ ដើម្បីលើកស្ទួយវិស័យកសិកម្ម និងលើកកំពស់ជីវភាពរបស់បងប្អូនប្រជាកសិករនៅជនបទ ដោយក្នុងនោះ ការកសាងប្រពន្ធធារាសាស្ត្រ ផ្លូវលំ ការឧបត្ថមធនលើគ្រាប់ពូជស្រូវ -ល-។ នេះក៏ជាផ្នែកមួយ ក្នុងគោលនយោបាយលើកកំពស់ វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលផងដែរ។ ចំពោះ ជី អគ្គិសនី ក៏ជាផ្នែកមួយ ដែលរាជរដ្ឋាភិបាលបាននិងកំពុងសិក្សា ដើម្បីធ្វើការទំលាក់ថ្លៃ ដើម្បីរួមចំណែកកាត់បន្ថយ ថ្លៃដើមផលិតរបស់បងប្អូនកសិករ។
លោករដ្ឋលេខាធិការ បានស្នើឲ្យអាជ្ញាធរត្រូវបន្តជួយសម្របសម្រួលការទិញ-លក់ស្រូវ ក៏ដូចជាកសិផលផ្សេងទៀត តាមរយៈការបង្កលក្ខណៈ ងាយស្រួលដល់ការដឹកជញ្ជូនស្រូវរបស់កសិករពីទីវាលស្រែ និង/ឬកន្លែងប្រមូលផ្តុំទិញ-លក់ស្រូវ ដែលអាចជានៅសាលាឃុំ ឬកន្លែងផ្សេងទៀត ដែលងាយស្រួលដល់ការប្រមូលផ្តុំទិញ-លក់ស្រូវរបស់បងប្អូនកសិករយើង។ ការងារនេះ អាចជួយកាត់បន្ថយចំណាយប្រតិបត្តិការ របស់អ្នកប្រមូលទិញស្រូវ, កាត់បន្ថយតួនាទីរបស់ឈ្មួញកណ្តាល ដែលអាចនឹងជួយបង្កើនផលប្រយោជន៍ ដល់ប្រជាកសិករ តាមរយៈការកាត់បន្ថយថ្លៃចំណាយ ចេញពីវាលស្រែឬកសិដ្ឋានផងដែរ។
លោកបន្ថែមថា រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើរតួនាទីជាប្រតិបត្តិករ នឹងបន្តគំាទ្រនិងជំរុញយន្តការផ្តល់ឥណទានជាទុនបង្វិល ក៏ដូចជាលើទឹកចិត្តដល់វិស័យឯកជន ឲ្យពង្រីកឃ្លំាងស្តុក និងឡសម្ងួតស្រូវ ឲ្យបានកាន់តែធំ និងមានលក្ខណៈស្តង់ដារ ក្នុងការរក្សាទុកស្រូវឲ្យមានគុណភាពល្អ សំដៅធានាបាននូវស្ថិរភាពថ្លៃស្រូវ-អង្ករ សម្រាប់បងប្អូនប្រជាកសិករ និងបម្រុងទុកស្រូវ-អង្ករគ្រប់គ្រាន់ សម្រាប់បម្រើឲ្យការនំាចេញ ប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនំាអង្ករចេញ។
លោក ជូ វិជិត្ត បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ «ឃ្លាំងស្តុកស្រូវទំហំ ១សែនតោន និងឡសម្ងួត ដែលមាន សមត្ថភាពសម្ងួតស្រូវ១,៥០០តោន ក្នុងមួយថ្ងៃ របស់ក្រុមហ៊ុន ខ្មែរហ្វូតគ្រុប ខូអិលធីឌី ក្រោមកម្មវិធី ពិសេសរបស់រាជរដ្ឋាភិបាល» សម្រាប់ជាមជ្ឍមណ្ឌលប្រមូលទិញស្រូវ និងកិនកែច្នៃស្រូវ-អង្ករ ដែលមានលទ្ធភាព ប្រមូលទិញស្រូវមួយភាគធំ នៅតំបន់ខេត្តតាកែវ ចាប់ពីពេលនេះតទៅ។
ឆ្លៀតក្នុងឱកាសនោះផងដែរ គណៈអធិបតីបានសំណូមពរ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត ហើយដែលមាន ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋក្នុងឋានៈជាម្ចាស់ ជោគវាសនានៃប្រទេសរបស់ខ្លួន៕