(ចិន)៖ រដ្ឋាភិបាលចិន បានប្រកាសថា នឹងបន្តអភិវឌ្ឍគម្រោង «កសិកម្មតាមអ៊ីនធើណេត» នៅតាមទីជនបទទូទាំងប្រទេស។ គម្រោងនេះ មានគោលដៅជួយប្រជាកសិករ ឱ្យងាយស្រួលភ្ជាប់អ៊ីនធើណេត និងប្រើព័ត៌មានវិទ្យា។
មន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃចន្ទកន្លងទៅនេះថា គម្រោង «កសិកម្មតាមអ៊ីនធើណេត - Internet Plus Agriculture) ពិតជាមានប្រសិទ្ធភាព សម្រាប់ការលើកស្ទួយ ដល់ការអភិវឌ្ឍបែបសមូហភាព នៃឧស្សាហកម្មកម្រិតបឋម មធ្យម និងខ្ពស់ នៅតាមទីជនបទ។
ក្នុងឆ្នាំ២០១៧ គម្រោងធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ិនធើណេត ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីគាំទ្រដល់អាណាខេត្តចំនួន៧៥៦ ក្នុងប្រទេសចិន។ គម្រោងនេះ បង្កើតប្រាក់ចំនូលសរុបពីការលក់រាយតាមអនឡាញ បានចំនួន១៩០ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងបង្កើតការងារបាន២៨លានការងារសម្រាប់ពលរដ្ឋនៅទីជនបទ។ លើសពីនេះ បច្ចេកវិទ្យាទិន្នន័យធំ ក៏ត្រូវគេយកមកប្រើ ក្នុងវិស័យកសិកម្មផងដែរ។
លោក ឈី តុងយូ អនុរដ្ឋមន្ត្រី ក្រសួងកសិកម្មនិងកិច្ចការជនបទ បានថ្លែងថា «ពួកយើងបានអនុវត្តគម្រោងទិន្នន័យធំ ជាការសាកល្បង សម្រាប់ទិន្នផលកសិកម្មសំខាន់ៗចំនួន៤ប្រភេទក្នុងក្រុង និងខេត្តចំនួន២១ ដោយមានប្រព័ន្ធត្រួតពិនិត្យ និងផ្តល់សញ្ញាដែលប្រសើរជាងមុន។ តារាងតម្លៃលក់ដុំ នៃទិន្នផលកសិកម្មទាំងអស់ ត្រូវបានចេញផ្សាយជារៀងរាល់ថ្ងៃ។ ឯរបាយការណ៍អំពីតម្រូវការ និងការផ្គត់ផ្គង់ក្នុងទីផ្សារ នៃទិន្នផលកសិកម្មវិញ ក៏ត្រូវបានចេញផ្សាយជារៀងរាល់ខែដែរ។ តាមរយៈគម្រោងនេះ យើងកំពុងប្រើទិន្នន័យ ដើម្បីគ្រប់គ្រងសេវាកម្ម និងបង្ហាញផ្លូវដល់ការផលិត និងការលក់ទិន្នផលកសិកម្ម»។
បច្ចុប្បន្ននេះ មួយភាគបីនៃភូមិទាំងអស់ ដែលស្ថិតក្រោមគម្រោង សុទ្ធតែមានប្រព័ន្ធផ្តល់ព័ត៍មាន សម្រាប់ទទួលបានសេវាសាធារណៈ ធ្វើពាណិជ្ជកម្មតាមបែបអេឡិចត្រូនិច និងបណ្តុះបណ្តាលសម្រាប់កសិករ។
សលោក តាំង ខ័រ ប្រធានមន្ទីរទីផ្សារនិងព័ត៍មានសេដ្ឋកិច្ច នៃក្រសួងកសិកម្មនិងកិច្ចការជនបទ បានថ្លែងថា «តាមលទ្ធផលស្ទង់មតិរបស់យើង។ យើងបានដឹងថាមន្ទីរថ្នាក់ក្រុង និងថ្នាក់អាណាខេត្ត ផ្តល់សេវាកម្មពី៤០ទៅ៥០សេវាដល់អ្នកភូមិ។ គេអាចផ្តល់សេវាកម្មទាំងនេះ បានតាមរយៈប្រព័ន្ធផ្តល់ព័ត៍មានមួយ ដើម្បីបំពេញតម្រូវការជាច្រើនរបស់កសិករ។ ជាឧទាហរណ៍ កសិករអាចទិញសំបុត្រឡានក្រុង បង់សេវាទឹកភ្លើង ដកប្រាក់បញ្ញើតិចតួច ផ្សព្វផ្សាយជ្រើសរើសបុគ្គលិក និងស្វែងរកការងារផ្សេងៗ ក្នងប្រព័ន្ធតែមួយតែម្តង»។
មន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានបន្ថែមថា គម្រោង «កសិកម្មតាមអ៊ីនធើណេត» នឹងត្រូវអភិវឌ្ឍបន្ថែមទៀត ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍបែបសមូហភាព នៃឧស្សាហកម្មកម្រិតបឋម មធ្យម និងខ្ពស់ នៅតាមទីជនបទ។
លោក ចុង ជីនយ៉ាវ ប្រធានផ្នែកកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មនិងកិច្ចការជនបទ បានថ្លេងថា «ក្នុងឆ្នាំ ២០១៧ ការកែច្នៃផលិតផលកសិកម្ម បានបង្កើតប្រាក់ចំនូលបាន ២២លានលានយ័ន។ ប្រាក់ចំណូលនៅក្នុងវិស័យកសិកម្មបែបទេសចរ និងវិស័យទេសចរណ៍ តាមទីជនបទ មានចំនួន៧៤០ពាន់លានយ័ន។ ហើយយើងក៏ឃើញមានទម្រង់អាជីវកម្មថ្មីៗជាច្រើន បានកើតឡើងដូចជា កសិកម្មបែបច្នៃប្រឌិត កសិកម្មបែបចែករំលែក កសិកម្មបែបរៃអង្គាស និងពាណិជ្ជកម្មតាមអនឡាញ។ នេះគឺជាការទាញយកសក្តានុពលពីវិស័យកសិកម្ម ហើយវាក៏អនុញ្ញាតឲ្យកសិកម្មអាចចែករំលែក ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផងដែរ។ ទាំងអស់នេះ គឺសុទ្ធតែកើតចេញពីយុទ្ធសាស្ត្រ អ៊ីនធើណេតបូក ឬ Internet Plus»៕ (សារព័ត៌មាន CCTV របស់ចិន)