(កោះកុង)៖ ប្រជាពលរដ្ឋចំនួន៣ភូមិ មានចំនួន១៨០៧គ្រួសារ ដែលបច្ចុប្បន្នស្ថិតនៅឃុំព្រែកខ្សាច់ បានទទួលសមិទ្ធិផលថ្មីៗ ជាច្រើនពីក្រុមហ៊ុន កោះកុង អេស អ៉ី ហ្សិត (KoH KONG SEZ Co.Ltd) រួមមានសាលាអនុវិទ្យាល័យ អគារគ្រូបង្រៀន សាលាឃុំ ទីធ្លាបាល់ទាត់ ជាពិសេស ផ្លូវធ្វើដំណើរចាប់ពីផ្លូវជាតិលេខ៤៨ រហូតដល់ភូមិប្រជាពលរដ្ឋ​ នៃឃុំព្រែកខ្សាច់។ បន្ថែមលើនេះ ក្រុមហ៊ុន បានរៀបចំបណ្តាញអគ្គិសនី និងទឹកស្អាតផងដែរ។

ការទទួលសមិទ្ធិផលថ្មីៗ ពីក្រុមហ៊ុន កោះកុង អេស អ៉ី ហ្សិត ត្រូវបានបង្ហាញឡើង នៅរសៀល​ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ក្រោមវត្តមានលោកស៊ិន សត្ថា តំណាងក្រុមហ៊ុន និងលោក ដួង សាវឿន ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយស្រុកគីរីសារគរ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋចំនួន ៩០០នាក់ផងដែរ។

លោក រៀម រុំ មេឃុំព្រែកខ្សាច់​ បានថ្លែងថា ក្នុងឃុំព្រែកខ្សាច់នេះ មានចំនួន៣ភូមិ គឺភូមិព្រែកខ្សាច់ ភូមិសំរ៉ុងកែវ ភូមិយាយសែនសកេត ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ១៨០៧គ្រួសារ ហើយកាលពីមុនមិនដែលមានសាលារៀន ទីធ្លាបាល់ទាត់ បាល់ទះ សាលាឃុំ ជាពិសេសផ្លូវធ្វើដំណើរ ផ្លូវគោកតភ្ជាប់ពីផ្លូវជាតិលេខ ៤៨នៅទេ។

លោកបន្តថា ប្រជាពលរដ្ឋធ្វើដំណើរតែផ្លូវទឹក ឆ្លងកាត់ព្យុះភ្លៀង វាងាយស្រួលគ្រោះថ្នាក់បំផុត តែឥឡូវដោយសារប្រទេសមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតក្រុមហ៊ុនចូលមកអភិវឌ្ឍន៍ ធ្វើឲ្យឃុំព្រែកខ្សាច់ប្រែមុខមាត់ថ្មី ដែលធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសង្ឃឹម និងសហការណ៍ជាមួយក្រុមហ៊ុនបន្តទៀត ហើយប្រជាពលរដ្ឋនឹងសង្ឃឹមទទួលបានអគ្គិសនី និងទឹកស្អាតបានប្រើប្រាស់ឆាប់ៗ ខាងមុខនេះផងដែរ។

លោកស៊ិន សត្ថា បានថ្លែងថា​ ក្រុមហ៊ុននឹងខិតខំបំពេញតម្រូវការបន្តទៀត ដើម្បីប្រែមុខមាត់ថ្មីឃុំព្រែកខ្សាច់ឲ្យក្លាយជា តំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផ្តល់ការងារដល់ប្រជាពលរដ្ឋ មានការងារធ្វើគ្រប់ៗគ្នា ដោយមិនធ្វើដំណើរចេញទៅក្រៅប្រទេស មិនឃ្លាតឪពុកម្តាយ ក្រុមគ្រួសារឡើយ ព្រោះមានក្រុមហ៊ុននៅទីនេះស្រាប់ ដែលងាយស្រូល ក្នុងការរកប្រាក់ចំណូលចូលគ្រួសារ។

លោកបានថ្លែងថា ប្រទេសមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ដោយសារមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋចូលរួម ទើបប្រទេសមានធនធានមនុស្ស ដូច្នេះក្រុមហ៊ុន​ កំពុងតែកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋ ឲ្យមានការងារធ្វើគ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ បម្រើការងារបានទាំងអស់។

បន្ទាប់ពីការសំណេះសំណាលចប់ ខាងក្រុមហ៊ុនបានផ្តល់សារ៉ុង និងថវិកាជូនដល់ប្រជាពលរដ្ឋ ព្រមទាំងពិសារបាយសាមគ្គីជុំគ្នា យ៉ាងគគ្រឹកគគ្រេងផងដែរ៕