(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសកម្ពុជា នឹងធ្វើពិធីទូងស្គរជ័យយ៉ាងគគ្រឹកគគ្រេង ដើម្បីបន្លឺជ័យឃោសអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នេះជាការបញ្ជាក់របស់លោក ហាប់ ទូច អគ្គនាយកវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងវប្បធម៌។

លោក ហាប់ ទូច បានឱ្យដឹងថា តាមរយៈការរៀបចំរបស់ក្រសួងធម្មការ និង​សាសនា គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសកម្ពុជា នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០១៨។

លោកថ្លែងយ៉ាងដូច្នេះថា «ក្រសួងធម្មការ និងសាសនា នឹងរៀបចំពិធីទួងស្គរនៅតាមវត្តអារាម គឺយើងធ្វើនៅថ្ងៃទី១៥ ខែកក្កដា យើងយកវត្តមួយជាមូលដ្ឋាន គឺវត្តនិរោធរៀបចំពិធីធំមួយ គឺពិធីទូងស្គរ ហើយពិធីទូងស្គរនេះមិនមែនទូងស្គរតែក្នុង​វត្តមួយនោះទេ គឺវត្តអារាមនៅទូទាំងប្រទេស​ និង​ទូងស្គរទាំងអស់គ្នានៅម៉ោង៦៖០០នាទីព្រឹក»។

លោកបានបញ្ជាក់ទៀតថា ពិធីនេះដែរ គឺធ្វើឡើងដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមគ្នាជាមួយពិធីអបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ជាសេនាធិការ នឹងប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងពិធីអបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមគ្នានាថ្ងៃទី១៥ ខែកក្កដាខាងមុខ ចាប់ពីម៉ោង៤រសៀល នៅពហកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ។

លោករដ្ឋលេខាធិការបន្តថា ពីធីអបអរសាទរនេះ ក៏នឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រៅពីនេះក៏មានការចូលរួមពីមន្ត្រីទូត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនប្រមាណ ៩ពាន់នាក់ផងដែរ៕