(ភ្នំពេញ)៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ត្រូវបានអាកាសចរស៊ីវិលកម្ពុជាចាត់ទុកថា ជាឃ្លាំងបណ្តុះបណ្តាលមន្ត្រីអាកាសចរឲ្យកាន់តែមានសមត្ថភាព និងជំនាញកាត់តែខ្លាំងបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងយន្តហោះកាន់តែមានសុវត្ថិភាព ប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវជាតិ និងអន្តរជាតិទូទៅផងដែរ។

គម្រោងការកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា ជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េនេះ ត្រូវបានរៀបចំពិធីបញ្ចប់គម្រោងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។

លោក ម៉ឹង សត្យា ប្រធាន នាយកដ្ឋានផែនការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនេះ ជាជំនួយឥតសំណង ដែលបានកសាងឡើងដោយសាធារណរដ្ឋកូរ៉េ ហើយមជ្ឈមណ្ឌលមួយនេះ ពិតជាសំខាន់ណាស់ ដល់វិស័យអាកាសចរស៊ីវិលនៅកម្ពុជា។

លោកបញ្ជាក់ទៀតថា មានមជ្ឈមណ្ឌលប្រៀបដូច ជាមានឃ្លាំងបណ្តុះបណ្តាលចំណេះដឹងមន្ត្រីរាជការមួយយ៉ាងសំខាន់បំផុត ដើម្បីឲ្យមន្ត្រីទាំងអស់ បានសិក្សារៀនសូត្រ ពង្រីកចំណេះដឹងឲ្យកាន់តែមានជំនាញពិតប្រាកដ ក្នុងការគ្រប់គ្រងយន្តហោះ។

លោកបន្តថា «ពេលនេះបានបញ្ចប់គម្រោងកសាងទាំងស្រុងហើយ ហើយជឿជាក់ថា វិស័យអាកាសចរស៊ីវិលនៅកម្ពុជាមួយនេះ នឹងកាន់តែរីកចម្រើនបន្តទៀត និងកាន់តែផ្តល់ភាពកក់ក្តៅបន្ថែមដល់ ភ្ញៀវទេសចរទូទាំងប្រទេស»

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា តាមរយៈមជ្ឈមណ្ឌលហ្វឹកហ្វឺននេះ ពិតជាបានធ្វើឲ្យមន្ត្រីអាកាសចរស៊ីវិល កាន់តែមានជំនាញយ៉ាងពិតប្រាកដ ក្នុងការគ្រប់គ្រងយន្តហោះនៅកម្ពុជា ហើយពិតជាអរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េណាស់ ដែលបានជួយកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរមួយនេះ ថ្ងៃខាងមុខទៀត លោកសង្ឃឹមថាវិស័យអាកាសកម្ពុជា នឹងកាន់តែរីកចម្រើនស្មើជាមួយបណ្តាប្រទេសលើពិភពលោកផងដែរ៕