(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Hideaki Iwasaki នាយកស្តីទីស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោងចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន១៩០លានដុល្លារអាមេរិក។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោងចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន១៩០លានដុល្លារអាមេរិក ទី១៖ គម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ប្រកបដោយភាតរៈបរិស្ថាន និង ទី២៖ គម្រោងកែលម្អផ្លូវជនបទជំហានទី៣។

ទី១៖ គម្រោងខ្សែច្រវាក់ផលិតកម្ម ប្រកបដោយភាតរៈបរិស្ថាន គ្រោងចំណាយថវិកាសរុបចំនួន ១៤១.០៤លានដុល្លារអាមរិក សម្រាប់គាំទ្រដល់ការបង្កើន ប្រាក់ចំណូលដល់ប្រជាជនតាមជនបទ និងជំរុញនូវការ ប្រកួតប្រជែង នៃច្រវាក់ផលិតកម្មកសិកម្ម ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៤ -២០១៨, គោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពី «ការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករ» និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សា-ហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥។

ទី២៖ គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ គ្រោងចំណាយថវិកាសរុបចំនួន ៦៦លានដុល្លារអាមរិក សម្រាប់ធ្វើការកែលម្អបន្ថែម ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ដែលមានចំនួន២២ខ្សែ និងមានប្រវែងសរុបប្រមាណ ៣៥៩.៨០ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តគោលដៅចំនួន៥រួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង និងក្រចេះ។ គម្រោងនេះ ក៏នឹងចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ជនបទ រួមមានការធានាលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជនបទ ឲ្យមានគម្លាតខិតជិតទីប្រជុំជន នៅឆ្នាំ២០២៥។

លោកអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ADB និងមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF) ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការ ដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោងខាងលើ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ របស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការ អភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កា នៃកំណើនប្រកបដោយសមធម៌ ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេច ឲ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែង។

ជាមួយគ្នានេះដែរ លោកអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអរគុណចំពោះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ចីរភាព (NCSD) ដែលបានផ្តល់ការគាំទ្រយ៉ាងទាន់ពេលវេលា ក្នុងសំណើសុំហិរញ្ញប្បទាន សម្រាប់គម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ប្រកបដោយភាតរៈបរិស្ថាន។

ទេសរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុបចំនួនប្រមាណ ២.៩៥ប៊ីលានដុល្លារអាមេរិក ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀង ចំនួន៥ ដែលបាន ចុះហត្ថលេខក្នុងថ្ងៃនេះ ដែលក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់ សរុបចំនួនប្រមាណ ២.៤៦ ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ១០១ និងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់សរុប ចំនួនប្រមាណ ៤៨៧ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ៥១។ ទាំងនេះ បង្ហាញពីការ ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕