ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២៣១នាក់
06-07-2018 12:43
(ភ្នំពេញ)៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ មានការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិមន្ត្រីនគរបាលជាតិ តាមបណ្ដាអង្គភាព និងប្រគល់ប័ណ្ណសរសើរ ជូនអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ តំណាងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
បើតាមលោក សែម សុគន្ធា នាយការិយាល័យទទួលផែនការងារសណ្ដាប់ធ្នាប់ បានបញ្ជាក់ថា ក្នុងពិធីនេះ បានរៀបចំធ្វើឡើងផ្អែកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ, សេចក្ដីសម្រេចរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ចំនួន២៣១នាក់ ក្នុងនោះផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ចំនួន០៨នាក់ និងបំពាក់ឋានន្តរស័ក្កិចំនួន២២៣នាក់។
លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ បានក្រើនរំលឹកដល់កម្លាំងនគរបាលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយជៀសឲ្យផុត ពីការដាក់វិន័យរបស់ថ្នាក់លើ ដែលកម្លាំងនគរបាលធ្វើកិច្ចការងារ ជាមួយប្រជាពលរដ្ឋប្រព្រឹត្តកំហុសឆ្គង ហើយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គម បង្កឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិ។
ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ លោកបានបញ្ជាកម្លាំងនគរបាលត្រូវបានការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យខាងតែបាន ក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏ធំមួយនេះ៕