(បន្ទាយមានជ័យ)៖ ផ្លូវបេតុងមួយខ្សែមានប្រវែង១ពាន់ម៉ែត្រ ដែលបានចំណាយថវិការសាងសង់អស់ជាង១០ម៉ឺនដុល្លារ ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានលោក សួន បវរ អភិបាលខេត្ត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូការ នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ហើយពិធីនេះដែរ មានការចូលរួមពីសំណាក់លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីរាជការ ប្រជាពលរដ្ឋ ចូលរួមអបអរសាទរប្រមាណជាង៣០០នាក់។
នាពេលនោះដែរលោកសាន ស៊ានហូ បានថ្លែងថា ផ្លូវបេតុង ១ខ្សែរនេះមានប្រវែង១,០០០ម៉ែត្រ ទទឹង១០ម៉ែត្រ និងមានប្រព័ន្ធលូ តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់
គម្រោងអភិវឌ្ឍនលំនៅដ្ឋានប្រណិត សុខារ៉េស៊ីដេន ត្រូវបានចំណាយថវិកាជាង១០ម៉ឺនដុល្លា។ លោកបន្តថាផ្លូវនេះស្ថាបនាឡើងដោយមានការចូលរួម
សហការណ៍ជាមួយអាជ្ញាធរយើងយ៉ាងធំធេង និងក្រុមហ៊ុនអឹម អ សុខារ៉េស៊ីដេនគ្រុបនេះតែម្តង។
លោកអភិបាលក្រុងប៉ោយប៉ែតបានបន្ថែមថា ផ្លូវ១ខ្សែនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ដែលបានបើកការដ្ឋាន សាងសង់អស់លរយះពេល ៦ខែកន្លងមក
ហើយ លើសពីនេះទៀត ក្រុមហ៊ុនខាងលើនេះបានបំពាក់នូវបង្គោលភ្លើង និងអំពូលភ្លើងដើរដោយប្រព័ន្ធព្រះអាទិត្យដើម្បីបំភ្លឺផ្លូវនាពេលយប់ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដើម្បីការពារសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។
នាពេលនោះដែរលោកសួន បវរ ក៏បានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់ចូលរួមថែរក្សាផ្លូវបេតុងនេះឱ្យប្រើប្រាស់យូអង្វែង និងចូលរួមទាំងអស់គ្នាទៅបោះឆ្នោតអាណត្តិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដ៏ខ្លី។ នាពេលនោះគណៈប្រតិភូទាំងអស់បានផ្តល់នូវកាដូរកំដរដៃ ជូនប្រជាពលរដ្ឋចូលរួមជាង៣០០នាក់ ទទួលបានសារុង ម្នាក់១ ផងដែរ៕