(កំពង់ឆ្នាំង)៖ ក្រុមគ្រួសារជនរងគ្រោះថៅកែទឹកសុទ្ធ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ កំពុងរស់នៅជាមួយការភ័យខ្លាច ព្រោះតែកម្លាំងសមត្ថកិច្ចមិនទាន់ស្វែងរកចាប់ខ្លួនឃាតកមកផ្ដន្ទាទោសបាននៅឡើយ។
ក្រៅពីការភ័យខ្លាចហើយនោះ ក្រុមគ្រួសាររបស់ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ដោយមិនញញើតដៃនោះ ក៏បានអំពាវនាវយ៉ាងទទូច ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយពន្លឿននីតិវិធីក្នុងការស្វែងរកចាប់ខ្លួនឃាតក ព្រោះថារៀងរាល់ថ្ងៃនេះ ពួកគាត់ត្រូវបិតទ្វារមិនហ៊ានរស់នៅទេដោយខ្លាចឃាតកចូលមកចាញ់សម្លាប់បន្ថែមទៀត។
គួរំលឹកថា បុរសជាថៅកែសិប្បកម្មទឹកសុទ្ធម្នាកឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ កាលពីវេលាម៉ោង៧៖៥០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ត្រូវបានជនប្រដាប់អាវុធម្នាក់ បាញ់ដោយអាវុធវែង៣គ្រាប់ ចំចង្កេះបណ្ដាលឲ្យដួលស្លាប់នៅក្រោមឡានទឹកសុទ្ធ ខណៈចូលប្លន់ភ្ជង់ទាររកលុយមិនបានសម្រេច នៅក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
យោងតាមចម្លើយសាក្សីឈ្មោះ ហឿន ម៉េងហាក់ អាយុ១៦ឆ្នាំ ជាចៅប្រុសបុរសរងគ្រោះ ដែលស្ថិតនៅក្នុងហេតុការណ៍នេះ ដែលសមត្ថកិច្ចនៅកន្លែងកើតហេតុ បានស្រង់ឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធម៉ាក ជីងថាយ រស់នៅក្នុងភូមិឃុំកើតហេតុ។
មុនពេលកើតហេតុបុរសរងគ្រោះ បានដើរមកពីរោងសិប្បកម្មទឹកសុទ្ធនៅទិសខាងត្បូងទល់មុខផ្ទះ ដើរមកផ្ទះវិញដោយមានជនពាក់មួកពណ៌ខ្មៅបិតមុខជិត ឃើញតែប្រឡោះភ្នែក ស្លៀកពាក់ខោអាប៉ារ៉ា ដើរភ្ជង់ពីក្រោយដោយកាន់កាំភ្លើងវែងមួយដើមផង។ ពេលមកដល់មុខផ្ទះបុរសរងគ្រោះ បានស្រែកប្រាប់ចៅឈ្មោះ ហឿន ម៉េងហាក់ និងក្មួយៗ២នាក់ទៀត ដែលកំពុងរៀបទឹកសុទ្ធនៅលើឡានថា៖ «អាហាក់ទៅយកលុយមកឲ្យគេ ភ្លាមនោះឈ្មោះហាក់ បានសួរថា តើតាឯងជំពាក់លុយអ្នកណា»។ ខណៈនោះទើបឈ្មោះហាក់ បានឃើញគេភ្ជង់តារបស់ខ្លួនជាប់ពីក្រោយ។
ក្នុងពេលនោះដែរ ឈ្មោះហាក់លើកទូរសព្ទ័ ប្រុងតេទៅពូឈ្មោះ ធីម ឲ្យយកលុយមកឲ្យ តែត្រូវជនបិតមុខស្រែកថា៖ «បើហ៊ានលើកទូរសព្ទ័ម្តងទៀតអញ នឹងបាញ់ឲ្យងាប់ទាំងអស់គ្នា»។ ខណៈនោះក្នុងពេលជនបិតមុខបែរកាំភ្លើងទៅភ្ជង់ឈ្មោះ ហាក់ បុរសរងគ្រោះក៏បានរត់គេចមកផ្លូវមុខផ្ទះ តែរត់មិនបានតែ២ទៅ៣ជំហាន ក៏ត្រូវជនល្មើសបាញ់ចំចង្ហេះពីក្រោយចំនួន៣គ្រាប់ ដួលស្លាប់រមៀលចូលក្រោមឡានទឹកសុទ្ធ។ ក្នុងពេលនោះដែរ ចៅ និងក្មួយបុរសរងគ្រោះទាំង៣នាក់ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបានដោយសុវត្ថិភាព។ ចំណែកជនល្មើសក៏បានដើរទៅឡើងម៉ូតូម៉ាកវេវ ចាស់មួយគ្រឿង ជិះចេញទៅទិសខាងកើតបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានធ្វើការចងខ្សែហ៊ុព័ទ្ធកន្លែងកើតហេតុ ដើម្បីទុកឲ្យនគរបាលបច្ចេកទេសខេត្ត មកធ្វើការត្រួតពិត្យ និងធ្វើកោសលវិច្ច័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភា។
នៅក្នុងករណីនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា គឺជាករណីគំនុំបាញ់សម្លាប់ ព្រោះថាខ្សែកមួយខ្សែ ដែលបុរសរងគ្រោះបានពាក់ ក្នុងពេលជនល្មើសភ្ជង់បណ្តើរ តាំងពីរោងសិប្បកម្មទឹកសុទ្ធទៅនោះ ជនល្មើសមិនបានប្លន់យកទេ។ ដោយឡែកមតិប្រជាពលរដ្ឋនៅក្នុងកន្លែងកើតហេតុ និយាយថា ជាករណីប្លន់ទារលុយមិនបានសម្រេច ទើបបាញ់ជនរងគ្រោះសម្លាប់៕