(កូរ៉េ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ និងទីប្រឹក្សាការងារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានជួបពិភាក្សាការងារជាមួយលោក KIM DONG MAN ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ (HRD-Korea) ថ្មីដែលទើបទទួលមុខតំណែង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ជាពិសេសនៅក្នុងអណត្តិរបស់ឯកឧត្តមប្រធាន។
ក្នុងនោះ លោកឯកអគ្គរាជទូតបានស្នើរសុំដល់ HRD-Korea៖
ទី១៖ បន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកកំពស់ស្ថានភាពការងារក៏ដូចជា ការរស់នៅរបស់បងប្អូនពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង
ទី២៖ ផ្តល់ការសម្របសម្រួលដល់អាជ្ញាធរកូរ៉េពាក់ព័ន្ធ ក្នុងការផ្តល់ឱកាសពិនិត្យលើកទី២ ដល់ពលករខ្មែរដែលបានធ្វើតេស្តឃើញសារធាតុហាមឃាត់
ទី៣៖ បង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេស នៅតាមតំបន់តូចៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវារបស់ពលករខ្មែរ និងពលករបរទេស។
ជាលទ្ធផល ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ ធនធានមនុស្ស HRD ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េ និងឯកអគ្គរាជទូត បានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកកំពស់ស្ថានភាពការងារ ក៏ដូចជាការរស់នៅរបស់បងប្អូនពលករខ្មែរ ឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង ហើយនឹងដោះស្រាយបញ្ហាលំបាកមួយចំនួនដែលបងប្អូនជួបប្រទះ ហើយនឹងទទួលយកសំណើររបស់លោកឯកអគ្គរាជទូត ដើម្បីពិនិត្យ និងចាត់ការបន្ត។
ករណីពេលដែលពិនិត្យសុខភាពពលករឃើញមានសារធាតុហាមឃាត់ ស្ថានទូតបានស្នើសុំឲ្យមានផ្តល់ឱកាសពិនិត្យលើកទី២ ជាមួយនឹងការយកថ្នាំដែលបងប្អូនលេបមុនចេញដំណើរ មកធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ។
ស្ថានទូតនឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការសម្រេចរបស់អាជ្ញាធរអន្តោប្រវេសន៍កូរ៉េពេលទទួលបានលទ្ធផល ហើយក៏សូមឆ្លៀតឱកាសនេះ អំពាវនាវសូមឲ្យបងប្អូនដែលត្រៀមចេញមកកូរ៉េ ក្រោយប្រលងជាប់ហើយ មេត្តាកុំប្រើប្រាស់ថ្នាំផ្តេសផ្តាស់ដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ព្រោះការផ្សំថ្នាំផ្តាសាយខ្លះវានឹងអាចមានសារជាតិខ្លះដែលនៅកូរ៉េគេហាមឃាត់៕