(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ទន់ សាអ៊ីម បានដាស់តឿនដល់សិស្សានុសិស្ស ដែលត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨ នៅថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមិនត្រូវធ្វេសប្រហែស រហូតដល់កំហុសដែលក្រសួងហាមឃាត់ពេលប្រឡងឡើយ ប្រយ័ត្នធ្លាក់ដោយស្វ័យប្រវត្តិ។
លោកស្រី ទន់ សាអ៊ីម បានថ្លែងបែបនេះ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកស្រី បានអញ្ជើញជាអធិតីភាព ស្តីពីសិក្ខាសាលា «ការត្រៀមខ្លួនជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការជ្រើសរើសអាជីពក្រោយពេលប្រឡងជាប់» ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវវេបសាយសិក្សារបស់ E-School Cambodia និងមានការអញ្ជើញចូលរួមពីសំណាក់ លោក នាក់ សើគិរីន តំណាងលោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា, លោកស្រីសាស្ត្រចារ្យ ស៊ឹម សុវិចារណ៍ សាកលវិទ្យាធិការរង សាកលវិទ្យាល័យជាតិគ្រប់គ្រង លោកគ្រូសាស្ត្រចារ្យ និងសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៤ ចំនួន២៥០០នាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោកស្រីអនុរដ្ឋលេខាធិការ បានថ្លែងយ៉ាងដូច្នេះថា៖ «សិស្សានុសិស្សចៀសវាងការអនុវត្តខុសឆ្គងនៅតាមមណ្ឌលប្រឡង ដែលអាចធ្វើឱ្យធ្លាក់ដោយស្វ័យប្រវត្តិ អត់មានអ្វីត្រូវតវ៉ាច្រើន កាលណាធ្វើខុសវិន័យ គឺត្រូវធ្លាក់ដោយស្វ័យប្រវត្តិតែម្តង ហើយនឹងប្រកាសជូនជាសាធារណៈ»។
ជាមួយគ្នានេះលោកស្រី ទន់ សាអ៊ីម ក៏បានកោតសសើរដល់ E-School Cambodia ដែលបានបង្កើតឱ្យមានការសិក្សាលើមុខវិជ្ជានានា ដើម្បីត្រៀមប្រឡងបាក់ឌុប នៅតាម online ដើម្បីជាចំណែកមួយចូលរួម ក្នុងការលើកកម្ពុស់លើវិស័យអប់រំនៅកម្ពុជា ដល់សិស្សានុសិស្ស ទូទាំងប្រទេស និងដើម្បីស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត នៅកម្ពុជា។
ទទ្ទឹមនឹងនេះ ថ្នាក់ដឹកនាំ E-School និងសាស្ត្រចារ្យដែលបានចូលរួមក៏បានផ្តល់នូវបទពិសោធន៍ល្អៗដល់សិស្សានុសិស្ស ដែលត្រូវសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ត្រូវតែខិតខំសិក្សាបន្ថែម និងថែរក្សាសុខភាព ឱ្យបានល្អចៀសវាងការសេពគប់ មិត្តភក្ភិមិនល្អ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលនាំឱ្យយើងបាត់បង់អ្វីៗគ្រប់យ៉ាង ដោយមិនដឹងខ្លួនផងដែរ៕